ភ្នំពេញ ៖ កម្មករសំណង់ជាជនជាតិខ្មែរ និងចិនជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ាទាមទារឲ្យ ក្រុមហ៊ុន D.I.RIVIERA ចេញមុខទទួលខុសត្រូវលើប្រាក់ឈ្នួលតម្លៃពលកម្មរបស់ពួកគាត់ ដែលបានបំពេញ ការងាររួចរាល់លើផ្នែកម៉ៅការសំណង់ ។ ប៉ុន្តែខាងក្រុមហ៊ុនបង់ប្រាក់មិនគ្រប់ និងគេចវេសដោយចេតនា មិនព្រម ទូទាត់ប្រាក់ឈ្នួល កម្រៃកម្លាំងពលកម្ម ។
មកទល់នឹងពេលនេះ កម្មករសំណង់ជនជាតិខ្មែរ-ចិនបានប្រមូលផ្តុំគ្នា នៅជិតអគារខុនដូ៣០ជាន់ កោះពេជ្រ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពួកគាត់បំពេញការងារនៅទីនេះលើគ្រប់ផ្នែកជំនាញរៀងៗខ្លួន ។
ខាងកម្មករខ្មែរបានលើកឡើងថា ប្រាក់ឈ្នួលពលកម្មជាង១០ម៉ឺនដុល្លារ ត្រូវបានខាងក្រុមហ៊ុនជំពាក់មិនទូទាត់ ប្រមាណជិត៣ម៉ឺនដុល្លារ ហើយខាងកម្មករជនជាតិចិននៅខ្វះប្រហាក់ប្រហែល៨ម៉ឺនដុល្លារ គឺខាងក្រុមហ៊ុនមិន បានចេញមុខមកដោះស្រាយ ទទួលខុសត្រូវ ទោះជាការងារទាំងនោះត្រូវបានធ្វើរួចរាល់ ។
ក្រុមកម្មករលើកឡើងថា ក្រោយពីខាងក្រុមហ៊ុន D.I.RIVIERA យកកម្មករជនជាតិវៀតណាមមកធ្វើការនិង មានប្រាក់ឈ្នួលទាបជាង ក៏បញ្ឈប់ការងារកម្មករខ្មែរនិងចិន ជាមួយនិងការកេងប្រវ័ញ្ចកម្លាំងពលកម្ម មិនព្រម បើកប្រាក់ឲ្យគ្រប់ចំនួន ។
ក្នុងរយៈពេលតវ៉ា៣ថ្ងៃជាប់ៗគ្នានេះ ខាងក្រុមហ៊ុនគ្រាន់តែចេញមុខឲ្យជំនាញរបស់ខ្លួនចុះមកវាស់វែង ចំពោះ ទីតាំងដែលបានធ្វើរួចរាល់ ជាលេសចេញមុខដោះស្រាយលើការងារដែលបានធ្វើរួចរាល់ ។ ផ្ទុយទៅវិញខាងក្រុម ហ៊ុនគ្រាន់តែប្រើរូបភាពបែបនេះ ដើម្បីឲ្យកម្មករខ្មែរ-ចិនមានទំនុកចិត្ត ។
ពាក់ព័ន្ធនឹងក្រុមហ៊ុនម D.I.R IVIERA មិនព្រមបើកប្រាក់ឲ្យកម្មករខ្មែរ-ចិន ។ ប្រភពខ្លះបានទម្លាយថា ខាង ក្រុមហ៊ុនកំពុងតែខ្ចីដៃខាងសមត្ថកិច្ចដែលមានអំណាចសម្រាប់ធ្វើទុននៅក្រោយខ្នង តាមរយៈការគំរាមកំហែង របៀបកម្មករជាជនបរទេស គ្មានសៀវភៅការងារនេះជាដើម ។ បើទោះជាមានការលើកឡើងបែបនេះក៏ដោយ ក៏ គេមិនទាន់ដឹងថា អ្នកធំមួយណាសមគំនិតជាមួយក្រុមហ៊ុនខាងលើ មានចេតនាអាក្រក់កេងកម្លាំងពលកម្មខ្មែរ -ចិននៅឡើយទេ ហើយខាងអាជ្ញាធរ សមត្ថកិច្ច ក៏ដូចជាខាងជំនាញក្រសួងការងារមិនទាន់មានវត្តមានចុះមក សិក្សាពីការទាមទារកម្រៃកម្លាំងពលកម្មកម្មករនៅឡើយទេ មកទល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ៕ ស សម