ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកបរបំពានច្បាប់ជ្រុលបុករថយន្តគេ និងជ្រុលបុកចូលផ្ទះពលរដ្ឋរងការខូចខាត

ចែករំលែក៖

ភ្នំពេញ:បុរសម្នាក់បើករថយន្តម៉ាក កូរ៉ូឡា ទាំងស្រវឹងស្រាជោកបានបើកទៅបុកនឹងរថយន្តម៉ាកBMW X6ហើយនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទះលក់អីវ៉ាន់ទៀត បណ្តាលឲ្យរថយន្តទាំងរងការខូចខាត រួមនឹងខូចផ្ទះប្រជាពលរដ្ឋ តែមិនបណ្ដោលឲ្យអ្នកណារងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែង ៤២៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យសារព័ត៌មាននគរវត្តដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-3612 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ បើកតាមបណ្តោយផ្លូវលេខ៤២៦ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុកជាមួយរថយន្តBMW-X6 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ខ.ម02-7699 ដែលចតនៅខាងមុខផ្ទះ ហើយរថយន្តកូរ៉ូឡានៅមិនទាន់អស់ល្បឿន ក៏ជ្រុកទៅបុកនឹងទា្វរផ្ទះរបស់ប្រជាពលរដ្ឋដែលដាក់ស្លាកយីហោ អេវឺ ហ្រេ្វស បណ្តាលឲ្យបាក់ទ្វារ បែកកញ្ចក់ផ្ទះ និងរទះអាំងសាច់១នៅខាងមុខផ្ទះទៀត តែមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តកូរ៉ូឡាបានកក់ប្រាក់៥០០ដុល្លារទៅម្ចាស់ផ្ទះ និងធ្វើលិខិតស្នាមផ្តិតមេដៃថា នឹងធានាធ្វើឲ្យវិញផងដែរ។ ចំណែរថយន្ត BMW-X6 ជាអ្នកស្គាល់គ្នា ដូច្នេះហើយគាត់គ្រាន់តែឲ្យយករថយន្តទៅជួសជុលឡើងវិញដើម្បីបញ្ចប់រឿង ៕ ស រស្មី

 


ចែករំលែក៖