ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ១៤០គ្រួសារទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុនទី១ និងបឹងទំពុនទី២សរុប១៤០គ្រួសារដែលប្រឈមនឹងការខ្វះខាតក្នុងជីវភាពរស់នៅនោះ កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រោមការដឹកផ្ទាល់ដោយលោកស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិតិ្តយស និងជាប្រធានក្រុមការងារគណៈកម្មាធិការសាខារាជធានីភ្នំពេញ អមដំណើរដោយប្រតិភូសាខា និងមានការចូលរួមផងដែរពីសំណាក់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ លោកឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យ ព្រមទាំងចៅសង្កាត់រងទាំង៧សង្កាត់ សមាជិក សមាជិកាអនុ សាខាកាកបាទក្រហមខណ្ឌ យុវជន ស.ស.យ.ក ខណ្ឌមានជ័យ ដែលពីធីនេះបានរៀបចំធ្វើឡើងនៅក្នុងសាលាឆទានវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ។

នៅក្នងឱកាសសាកសួរសុខទុក្ខដល់ពលរដ្ឋ១៤០គ្រួសារនោះ លោកស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស បានមានប្រសាសន៍ទៅកាន់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចប្រធានតែងតែបានយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុកប្រជាពលរដ្ឋទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលដូចពាក្យស្លោករបស់កាកបាទក្រហមកម្ពុជាបានដាក់ចេញថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា។

លោកស្រី អ៊ុន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ខ្លួន និងអនាម័យក្នុងការរស់នៅ និងជាពិសេសត្រូវណែនាំដល់កូនចៅយើងកុំសេពគ្រឿងញៀន ចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំសេពគ្រឿងស្រវឹងក្នុងការបើកបរ ព្រោះសព្វថ្ងៃនេះអ្នកស្លាប់ដោយសារជម្ងឺអេដស៍មិនមានច្រើនដូចករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួល បាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកក្រូច៥កំប៉ុង ទឹកបរិសុទ្ធ១កេស ទឹកត្រី២ដប អំបិល១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕តាឡឹម


ចែករំលែក៖