ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់៖ កម្ពុជា _ថៃ នៅតែបន្ដទំនាក់ទំនងជាមួយគ្នាល្អ លើផ្នែកសេដ្ឋកិច្ច, វប្បធម៌,សង្គម កិច្ច,ពាណិជ្ជកម្ម,ឧស្សាហកម្ម និងទេសចរណ៍ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងជាប្រអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ទទួលជួបគណៈប្រតិភូ ទទួលបន្ទុកកិច្ចការឥស្លាម របស់ព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក Anutat Bunnag ដើម្បីសម្ដែងការគួរសម កាលពីរសៀលថ្ងៃទី៣០ តុលា ឆ្នាំ២០១៧ នៅស្នាក់ការអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ កម្ពុជា-ថៃ គឺ ជាប្រទេសក្បែរខាងគ្នាធ្លាប់ទំនាក់ទំនងល្អជាមួយគ្នា តាំង ពីយូរ ដល់ពេលបច្ចុប្បន្ននេះ។ ដូច្នេះក្នុង ក្របខ័ណ្ឌឥស្លាមវិញចាំបាច់ត្រូវតែមានការពង្រឹងទំនាក់ទំនងជាមួយគ្នាឲ្យបាន រឹងមាំផងដែរ ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបើកសិទ្ធិសេរីភាពគ្រប់ យ៉ាងជូនដល់ពលរដ្ឋឥស្លាមកម្ពុជា ក្នុងការប្រតិបត្តិសាសនា របស់ខ្លួន និងការចូលរួមក្នុងកិច្ចការសង្គម ដោយអ្នកកាន់ សាសនា ឥស្លាមបាន និងកំពុងមានតួនាទីខ្ពង់ខ្ពស់នៅក្នុងស្ថាប័នជាតិមានដូចជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលជាដើម ហើយថាអ្នកកាន់សាសនាឥស្លាមត្រូវបានទទួល ស្គាល់ថាជាពលរដ្ឋខ្មែរតាំងតែពីសម័យព្រះបរមរតនកោដិ សម្តេចព្រះនរោត្តមសីហនុ មកម្លេះ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សម្រាប់កម្ពុជាគ្រប់បណ្តាអ្នកកាន់សាសនាផ្សេងៗគ្នាទាំងអស់ពុំដែលមានបញ្ហាជាមួយគ្នាម្តងណាឡើយ។ ផ្ទុយទៅវិញមានតែការរួបរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ជាតិឲ្យមានការរីកចំរើនតែប៉ុណ្ណោះ។
លោក Anutat Bunnag បានសម្តែងនូវការអបអរសាទរចំពោះសុខដុម នីយកម្មរបស់បណ្តាអ្នកកាន់សាសនាផ្សេងៗគ្នានៅកម្ពុជា ថ្វីត្បិតតែកម្ពុជាជាប្រទេសប្រកាន់ យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយចុះ។ ជាមូយគ្នានេះលោកបានស្នើឲ្យកម្ពុជា បង្កើតស្ថាប័នមួយឈ្មោះថា វ៉ាសាទីយ៉ះ ដែលជាស្ថាប័នមនុស្សធម៌ចំណុះស្ថាប័នគណៈដឹកនាំ ជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ដើម្បីធ្វើការងារមនុស្សធម៌ និងការអប់រំជាដើមក្រោមកិច្ច សហការជាមួយស្ថាប័នឥស្លាមប្រទេសថៃ៕ សំរិត