ព័ត៌មានទាន់ហេតុការណ៍៖

លោក​ លឺ​ ឡាយ​ស្រេង​ ត្រូវ​តុលាការ​កោះ​អញ្ជើញ​ចូល​បំភ្លឺ​ថ្ងៃ​ទី​២៧វិច្ឆិកា​ តាម​បណ្តឹង​សម្តេច​តេជោ​

ចែករំលែក៖

 

ភ្នំពេញ​៖ លោក​ លឺ​ ឡាយ​ស្រេង​ ត្រូវ​បាន​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កោះ​អញ្ជើញ​ជា​ជនសង្ស័យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​ ពី​ដំណើរ​រឿង​លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ បទ​ប្រមាថ​។

គួរ​បញ្ជាក់​ថា​លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ​ ប្តឹង​លោក​ លឺ​ ឡាយ​ស្រេង​ ចូល​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ការ​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​ និង​បរិហារកេរ្តិ៍​សម្តេច​តេជោ​ ថា​ បាន​ឱ្យ​ប្រាក់​មន្ត្រី​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​ម្នាក់​ពីរ​ម៉ឺន​ដុល្លារ​អាមេរិក​ ។

ក្នុង​ឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុប​ប្រមាណ៤​០០០នាក់ មកពីរោងចក្រចំនួន១១​ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សម្តេច​តេជោ​ប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយ​បាន​ប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើ​ឱ្យ​សម្ដេចមិនអាចទទួលយកបាន​នោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះ​ចេស្តា​ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឱ្យ​មន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់​ពីរ​ម៉ឺន​ដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា “​ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង បន្ដិច​ឯកឧត្តម ហួសហេតុពេកហើយ ការប្រមាថចំពោះព្រះមហាក្សត្រ ប្រៀបព្រះអង្គទៅជាមាន់គ្រៀង គឺជារឿង​ធ្ងន់ធ្ងរពេកហើយ ជាការប្រមាថធ្ងន់ធ្ងរណាស់ លោកជំទាវ គី លំអង មិនបាច់ព្រួយទេ គឺ លឺ ឡាយស្រេង…ខ្ញុំក៏កំពុងពិនិត្យថាតើប្ដឹង ឬមិនប្ដឹង ប៉ុន្ដែលទ្ធភាពភាគច្រើនខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថាបានគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារ ​ចឹងក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនូវមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង…ចឹងសូមមេធាវីរបស់ខ្ញុំរៀបចំពិនិត្យមើល ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង។

មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្លែង​ថា​ លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា តាមជើងហោះហើរ Bangkok Air PG 938 ដោយនៅពេលនេះ បានដល់ទឹកដី ទីក្រុងបាងកកហើយ។

មនុស្សជិតសិទ្ធិម្នាក់របស់លោក លឺ ឡាយស្រេង បានទម្លាយប្រាប់ឲ្យដឹងថា កាលពីយប់មិញក្រោយពីមានការប្រកាសប្តឹងពីសំណាក់សម្តេចតេជោ ហ៊ុន សែន លោក លឺ ឡាយស្រេង បាននិយាយថា «ខ្ញុំមិនខ្លាចនោះទេ បើចង់ចាប់ មកចាប់មកខ្ញុំនៅផ្ទះ» ប៉ុន្តែបែរជាព្រឹកឡើងលោក លឹ ឡាយស្រេង បាននាំចៅស្រីជិះយន្តហោះរត់គេចចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃទៅវិញ។

សូមជម្រាបថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ Facebook ឈ្មោះ សីហា ដែលតែងទម្លាយរឿងអាស្រួវរបស់អ្នកនយោបាយនៅកម្ពុជា បានទម្លាយនូវសំលេងឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង អតីតមន្ដ្រីជាន់ខ្ពស់គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច បានប្រើពាក្យសម្ដីជេរប្រមាថព្រះជេស្ដាព្រះមហាក្សត្រ នរោត្តម សីហមុនី។

​ភ្លាមៗបន្ទាប់ពីសម្លេងសន្ទនា ប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរជាទីបំផុត ចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថ សម្តេចក្រុមព្រះ​ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានបែកធ្លាយ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook​ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម នឹងដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ៕ ចេស្តា


ចែករំលែក៖