ព័ត៌មានទាន់ហេតុការណ៍៖

សម រង្ស៊ី ថ្លែងថា លោក ម៉ៅ មុនីវណ្ណក្បថបក្សកំពុងធ្វើតាមការបញ្ជារបស់បក្សកាន់អំណាច

ចែករំលែក៖

ភ្នំពេញ៖ សង្គ្រាមផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិបាននិងកំពុងមានការផ្ទុះជា បណ្តើរៗដោយមន្ត្រីមួយចំនួនកំពុងតែមានការចោទប្រកាន់គ្នាទៅវិញទៅមក ពិសេស នោះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានចោទលោក ម៉ៅ មុនីវណ្ណ ថាកំពុងក្បត់បក្ស ។

យោងតាមវីដេអូឃ្លីបដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧លោក សម រង្ស៊ី បានបញ្ជាក់ថា «ខ្ញុំដឹងថា គេទិញបាន គេអូស បានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនតូចនៅថ្នាក់លើក្នុងចំណោមគណៈ កម្មាធិការនាយកបួនដប់នាក់ក្នុងចំណោមសមាជិករាប់រយនាក់»។

លោក សម រង្ស៊ី បានគូសបញ្ជាក់ថា អ្វីដែលលោកទទួលបាននោះមានអ្នកចេញមុខធ្វើតាមការណែនាំបញ្ជារបស់គណបក្ស កាន់អំណាចគឺលោក ម៉ៅ មុនីវណ្ណ ដែល កំពុងតែដើរចេញធ្វើតាមគេ ។

លោក សម រង្ស៊ី បានចោទលោក ម៉ៅ មុនីវណ្ណថា ចង់ធ្វើជាអ្នកនាំពាក្យដែលជា អំពើមួយក្បត់បក្ស ហើយថាជាអំពើថោក ទាបបំផុត ។

ទាក់ទិននឹងការចោទប្រកាន់របស់លោក សម រង្ស៊ីនេះត្រូវបានលោក ម៉ៅ មុនីវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាមបានគូសបញ្ជាក់ថា «ខ្ញុំ ម៉ៅ មុនីវណ្ណ ទោះបីពលីជីវិតក៏មិនរត់ចោល សមរភូមិនិងមិនលក់ឧត្តមគតិជាដាច់ខាត! អ្នកលាបពណ៌ មួលបង្កាច់ និងអ្នកបន្ទរ ចុងក្រោយអ្នកនឹងមានវិប្បដិសារី ជាក់ជា មិនខាន (បើអ្នកស្ថិតក្នុងតម្លៃជាមនុស្ស ពិត)» ។

លោកបានបន្តថា លោកមិនទៅណាជា ដាច់ខាត ហើយអ្នកដែលចេញពីគណបក្សសង្គ្រោះជាតិនោះជាសិទ្ធិរបស់គេ។ ចំណែក លោកមិនទៅណានោះទេ ហើយនៅតែ តស៊ូជានិច្ចទោះបីជាមានការគាបសង្កត់យ៉ាងណាក៏ដោយ ។

ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សកាន់ ​អំណាចវិញបានលើកឡើងថា សម រង្សី ជា ទណ្ឌិតមិនហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ហើយបានរត់ចោលស្រុកជាច្រើនឆ្នាំមកហើយ ហើយថែមទាំងបានលាលែង ពីមុខតំណែងតួនាទីជាប្រធានបក្ស និង សមាជិកបក្សសង្គ្រោះជាតិទៀតផង។ ដូច្នេះ ក្រោយធ្វើនយោបាយរយៈពេលជាង២០ឆ្នាំមកខាតឡុងចុងអស់អ្វីៗពីខ្លួនរលីង ៕ ហេង សូរិយា


ចែករំលែក៖