ខេត្តកំពង់ឆ្នាំង៖ កីឡាករម្នាក់មានអការថប់ដង្ហើម ននៀលពេញទូក រហូតដល់ដល់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ក្នុងពេលដែលក្រុមកីឡាករកំពុងអុំទូកសាកល្បង ដើម្បីឲ្យគណៈអធិបតីមើលនៅថ្ងៃជូនដំណើរទូក ទៅកាន់រាជធានីភ្នំពេញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅកន្លែងប្រារព្ធពិធីមុខវត្តកំពង់ត្រឡាចក្រោម។
សមត្ថកិច្ចមូលដ្ឋានបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះឈ្មោះចាប ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជាកីឡាករចំណុះទូកឈ្មោះ ក្តាមប្រៃ នៅភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ គ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។
សាក្សីនៅកន្លែងកើតហេតុបានឲ្យសារព័ត៌មាននគរវត្តដឹងថា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអុំទូកសាកល្បង មុនពេលចេញដំណើរទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងទៀតថា នៅក្នុងពេលអុំសាកល្បងនោះ ទូកឈ្មោះក្តាមប្រៃ បានអុំឡើងទៅដើមទី ឆ្លងកាត់ពីមុខវេទិកាគណៈអធិបតីបានប្រហែល៥០ម៉ែត្រ ស្រាប់តែកីឡាករឈ្មោះចាប ពៅមានអការមិនស្រួល និងបានដួលនៅលើទូកហើយក្រុមគ្រូពេទ្យដែលនៅប្រចាំការទីនោះ បានចុះទៅជួយសង្គ្រោះភ្លាមៗផងដែរ ប៉ុន្តែមិនអាចជួយបាន៕ ចន្ថា