ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលមនុស្សរបួសធ្ងន់ស្រាល៤នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុស ស្រី៤នាក់ បានរងរបួសធ្ងន់ ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នាកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ លើផ្លូវខេត្តលេខ១០ ក្រាលក្រួសក្រហម ត្រង់ចំណុចភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យភ្នាក់ងារកាសែតនគរវត្តដឹងថា ភាគីរងគ្រោះមានឈ្មោះ ឃ្លោក អុល ភេទប្រុស ​អាយុ៦២ឆ្នាំ មុខរបរទាហាន និងអ្នករួមដំណើរម្នាក់ ឈ្មោះស៊ុន សារីន អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាក HONDA.C125 ស៊េរីឆ្នាំ2008 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1A.5350 ខូចខាតយ៉ាងដំណំ។

ចំណែកភាគីបង្កហេតុមានឈ្មោះ យង់ មោគ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរម្នាក់ឈ្មោះសុខ សុធន អាយុ៤១ឆ្នាំ មានទីលំនៅភូមិគង់ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បើកម៉ូតូម៉ាក HONDA.C125 ស៊េរី2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY.0459 ។

តាមសាក្សីបានប្រាប់ថា មុនកើតហេតុមានប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ធ្វើដំណើរពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿនមិនគោរពសិទ្ធិអាទិភាព ស្រាប់តែទៅបុកនឹងម៉ូតូជិះគ្នា២នាក់ ពីជើងទៅត្បូងបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឲ្យបែកក្បាលហូរឈាមសន្លប់ទាំងសងខាង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកវាស់វែង និងដឹកមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះភ្លាមៗផងដែរ។​

បច្ចុប្បន្ន វត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃធំដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន

 


ចែករំលែក៖