ព័ត៌មានទាន់ហេតុការណ៍៖

ពានរង្វាន់ FIFA World Cup និងការពង្រីកក្រុមជម្រើសជាតិ រហូតដល់ទៅ៤៨ក្រុមនៅឆ្នាំ២០២៦

ចែករំលែក៖

មិនមានព្រឹត្ដិការណ៍កីឡាណា ដែលអាចចាប់យកការស្រមើលស្រមៃ និងការគាំទ្ររបស់ពិភព លោកដូចជាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឡើយ ។ World Cup ឬ ពានរង្វាន់បាល់ទាត់ពិភពលោក គឺជាការប្រកួតប្រជែងរបស់សមាគមបាល់ទាត់អន្តរជាតិ (FIFA) ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៣០ ។ ការប្រកួតប្រជែងនេះត្រូវបានប្រារព្ធរាល់ ៤ឆ្នាំម្ដង ចាប់តាំងពីការប្រកួត ប្រជែងលើកដំបូងបំផុតនៅទីក្រុងម៉ុងតេណេក្រូ ប្រទេសអ៊ុយរុយហ្គាយ ប៉ុន្តែត្រូវបានអាក់ខាននៅឆ្នាំ ១៩៤២ និង ១៩៤៦ ដោយសារសង្គ្រាមលោកលើកទីពីរ ។

ការប្រកួត គឺធ្វើការជម្រុះក្រុមទាំង ៣២ រាប់បញ្ចូលទាំងម្ចាស់ផ្ទះ ឬ សហម្ចាស់ផ្ទះ(មានសិទ្ធិមិនបាច់ជម្រុះ) ហើយចែកចេញជា៨ពូល គឺ ១ពូលមាន ៤ក្រុម និងធ្វើការប្រកួតរហូតដល់រកឃើញម្ចាស់ជើងឯក ។

ចាប់តាំងពីឆ្នាំ ១៩៣០មក ការប្រកួតបានធ្វើឡើងចំនួន ១៩ ដងមកហើយ ហើយក្នុងនោះប្រទេសប្រេស៊ីលឈ្នះចំនួន ៥ ដង ប្រទេសអីុតាលីចំនួន ៤ ដង ប្រទេសអាល្លឺម៉ង់់ចំនួន ៤ ដង ប្រទេសអាហ្សង់ទីន និង ប្រទេសបើកឆាកអ៊ុយរុយហ្គាយចំនួន ២ដង។ ចំណែកប្រទេសបារាំង អង់គ្លេស និងអេស្ប៉ាញបានឈ្នះម្នាក់១ដង។

ការប្រកួតបាល់ទាត់ពិភពលោកគឺជា ការប្រកួតកីឡាតែមួយគត់ដែលមានអ្នករង់ចាំទស្សនាច្រើនជាងគេលើពិភពលោក ។ ជាក់ស្ដែង ការប្រកួតបាលទាត់ពិភពលោកវគ្គផ្ដាច់ព្រ័ត្រឆ្នាំ ២០០៦ នៅប្រទេស អាល្លឺម៉ង់ រវាង ក្រុមជម្រើសជាតិបារាំង និង ក្រុមជម្រើសជាតិអីុតាលី ត្រូវបានគេប្រមាណថាមានអ្នករង់ចាំទស្សនា ចំនួនដល់ទៅ ៧១៥.១លាននាក់ ។ ការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយបំផុត គឺប្រារព្ធនៅប្រទេសប្រេស៊ីល នៅឆ្នាំ ២០១៤ ហើយការប្រកួតលើកក្រោយ នឹងប្រារព្ធនៅប្រទេសរុស្ស៊ី នៅឆ្នាំ ២០១៨ និងប្រទេសកាតារ នៅឆ្នាំ២០២២ ។

ការប្រកួតត្រូវបានពង្រីករហូតដល់ ២៤ ក្រុមនៅឆ្នាំ ១៩៨២ ហើយបន្ទាប់មកទៅ ៣២ក្រុម នៅក្នុងឆ្នាំ ១៩៩៨ ដែលអនុញ្ញាតឱ្យក្រុមបន្ថែមទៀតមកពីទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកខាងជើង ចូលរួមផងដែរ។ ចាប់តាំងពីពេលនោះមកក្រុមមកពីតំបន់ទាំងនោះ បានទទួលជោគជ័យច្រើនដោយមានក្រុមខ្លះបានឈានដល់វគ្គ 1/4 គឺម៉ិកស៊ិកូ ក្នុងឆ្នាំ ១៩៨៦ ក្រុមកាំមេរ៉ូន វគ្គ 1/4 នៅឆ្នាំ ១៩៩០ កូរ៉េខាងត្បូងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទីបួនក្នុងឆ្នាំ ២០០២ សេណេហ្គាល់ និងសហរដ្ឋអាមេរិក បានឡើងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០០២ ហ្គាណាវគ្គ1/4 ក្នុងឆ្នាំ ២០១០។

ទោះបីជាយ៉ាងណាក៏ដោយក្រុមបាល់ទាត់អឺរ៉ុប និងអាមេរិកខាងត្បូង នៅតែបន្តភាពខ្លាំងរបស់ខ្លួន ជាក់ស្ដែង ក្រុមដែលឈ្នះឆ្លងទៅលេងវគ្គ៨ក្រុមចុងក្រោយក្នុងឆ្នាំ ១៩៩៤ ឆ្នាំ ១៩៩៨ និងឆ្នាំ ២០០៦ សុទ្ធតែមកពីទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូង។

ក្រុមជម្រើសជាតិចំនួន២០០ក្រុម បានចូលរួមប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០០២ ។ ប្រទេសចំនួន ១៩៨ បានព្យាយាមចូលរួមក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០០៦ ខណៈដែលប្រទេសចំនួន ២០៤ បានឈានចូលវគ្គជម្រុះសម្រាប់ FIFA World Cup ឆ្នាំ ២០១០ ។

នៅដើមឆ្នាំ២០១៧ នេះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានសម្រេចពង្រីកក្រុមដែលចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ World Cup ពី៣២ក្រុម ទៅ៤៨ក្រុម។

ដំណាក់កាលដំបូងនៃការប្រកួត គឺចែកចេញជា១៦ពូល ដោយក្នុង១ពូលមាន ៣ក្រុម ហើយគេយកចំណាត់ថ្នាក់លេខ ១ និង២ ក្នុងពូល ឡើងទៅវគ្គ៣២ក្រុមចុងក្រោយ។ ប្រព័ន្ធនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅពេលមានការផ្លាស់ប្តូរសម្រាប់ការប្រកួតឆ្នាំ២០២៦។ FIFA បានបោះឆ្នោតជាឯកច្ឆន្ទដើម្បីគាំទ្រការផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង Zurich កាលពីដើមឆ្នាំ២០១៧ នេះ។

ចំនួននៃការប្រកួតនឹងកើនឡើងពី៦៤ប្រកួត ទៅ៨០ប្រកួត ប៉ុន្តែអ្នកឈ្នះចុងក្រោយនឹងនៅតែលេងត្រឹមតែ ៧ ប្រកួតដដែល ខណៈការប្រកួតនឹងត្រូវបានបញ្ចប់ក្នុងរយៈពេល ៣២ថ្ងៃ ដែលជាវិធានការមួយដើម្បីធ្វើឱ្យក្លិបក្នុងតំបន់អ៊ឺរ៉ុបមិនមានបញ្ហាជុំវិញកាលវិភាគការប្រកួតសម្រាប់ក្រុមជម្រើសជាតិ៕ ដេវីត


ចែករំលែក៖