ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបារាំងមានបំណងនាំយកអត្តពលិកការ៉ាតេដូកម្ពុជាទៅហ្វឹកហាត់បង្កើនសមត្ថភាពរយៈពេលវែង

ចែករំលែក៖

ភ្នំពេញ៖ គ្រូបង្វឹកការ៉ាតេដូបាំរាំង កម្រិតខ្សែក្រវាត់ខ្មៅ៦ដាន់ លោក ប៊ុន ចេ រី មានបំណងស្នើសុំលោកទេសរដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ដើម្បីនាំយកអត្តពលិកការ៉ាតេដូកម្ពុជា ទៅហ្វឹកហាត់រយៈវែងនៅប្រទេសបារាំង ក្នុងគោលបំណងជំរុញ ឲ្យវិស័យកីឡានេះ កាន់តែមានសក្តានុពលនៅថ្ងៃអនាគត អាចដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។

លោក ប៊ុន ចេរី បានឲ្យសារព័ត៌មាននគរវត្តដឹងថា ក្នុងនាមគ្រូបង្វឹកកីឡាការ៉ាតេដូម្នាក់ របស់សហព័ន្ធកីឡាការ៉ាតេដូបារាំង លោកមានបំណងនាំយកកីឡាករ កិឡាការិនីការ៉តេដូកម្ពុជាទៅហ្វឹកហាត់នៅប្រទេសបារាំង ហើយលោកជឿថា គោលបំណងនេះ និងបានសម្រេច តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា បារាំង។ ដោយឡែក ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេដូ កម្ពុជា បារាំង ក៏ធ្លាប់មានទំនាក់ទំនង់គ្នាយ៉ាងស្អិតល្មួត រយៈពេលជាង២០ឆ្នាំមកហើយ។

លោកបញ្ជាក់ន្ថែមថា ចំពោះបញ្ហាការស្នើសុំនាំយកអត្តពលិកកីឡាការ៉ាតេដូ កម្ពុជាទៅបណ្តុំបនណ្តាលជំនាញបន្ថេមនៅប្រទេសប្រទេសបារាំងខាងលើនេះ លោក ប៊ុន ចេរី នឹងស្នើសុំទៅសហព័ន្ធកីឡាការ៉ាតេដូបារាំង ដើម្បីយកសិស្សគុន ការ៉ាតេដូកម្ពុជាទៅបំប៉នចំនាញបន្ថែមរយៈពេលវែង ចំពោះកីឡាករកីឡាការិនីថ្នាល របស់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានា ពិសេស ស៊ីហ្គេមឆ្នាំ២០២៣។ ក្នុងនោះ លោកប៊ុន ចេរី ក៏មានគម្រោងដឹកនាំយកកីឡាករកីឡាការិនីរបស់បារាំង មកចែករំលែកបទពិសោធន៍ជាមួយកីឡាករ កីឡាការិនីកម្ពុជារៀងរាល់ឆ្នាំផងដែរ។

ជាការឆ្លើយតប ជាមួយគម្រោងស្នើសុំកីឡាករកីឡាការិនីថ្នាលកម្ពុជាទៅហ្វឹកហាត់ រយៈពេលវែងនៅប្រទេសបារាំង របស់លោក ប៊ុនចេរី គ្រូបង្វឹកការ៉ាតេដូបារាំង ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣នោះ លោក ឡាច ច័ន្ទ ដារ៉ា អគ្គលេខាធិការ រងសហព័ន្ធកីឡាការ៉ាតេដូកម្ពុជាបានបញ្ជាក់ថា នឹងនាំយកការស្នើសុំនេះដាក់ចូន ថ្នាក់ដឹកនាំសហព័ន្ធ ឈានទៅសម្រេចទិសដៅមួយនាថ្ងៃអនាគត ។

លោកបានបន្តថា គម្រោងស្នើសុំកីឡាករ កីឡាការិនីទៅហ្វឹកហាត់ សម្រួចសមត្ថភាពនៅក្រៅប្រទេស គឺជាទិសដៅសំខាន់របស់ លោក ទេសរដ្ឋមន្ត្រី អូនព័ន្ធ មុន្នីរ័ត្នប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បាននិងកំពុងស្នើសុំទៅ បណ្តាដៃគូបរទេសជាច្រើន ដើម្បីសុំជួយដល់កីឡាករកីឡាការិនីថ្នាលការ៉ាតេដូកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ អាចប្រកួតដណ្តើមយកមេដាយ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមឆ្នាំ២០២៣ក្នុងនាមកម្ពុជាធ្វើម្ចាស់ផ្ទះ ៕ សារីម


ចែករំលែក៖