ភ្នំពេញ៖ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃនេះ (ថ្ងៃទី០២-០៣-០៤) ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អភិបាលរាជធានីភ្នំពេញ បានប្រកាសផ្តល់ការកាដូចំពោះជនបរទេសទាំងឡាយ ដែលចូលទស្សនារមណីយដ្ឋានវត្តភ្នំ ដោយឥតគិតថ្លៃ ដោយកន្លងមកភ្ញៀវបរទេសចូលទស្សនាគិតថ្លៃ១ដុល្លារ។
មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា កន្លងមកសម្រាប់ជនបរទេស ការចូលទស្សនារមណីយដ្ឋានវត្តភ្នំត្រូវគិតថ្លៃមួយដុល្លារ នៅពេលនេះក្នុងឱកាសបុណ្យអ៊ុំទូករយៈពេល៣ថ្ងៃនេះ អភិបាលរាជធានីភ្នំពេញប្រកាសផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ភ្ញៀវបរទេស ដែលមកទស្សនារមណីយដ្ឋានវត្តភ្នំ ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។
សូមជំរាបថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពីការចូលរួមថែរក្សាអនាម័យ បរិស្ថាន ដល់ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី អ្នកលក់ដូរ បងប្អូនប្រជាពលរដ្ឋជាកីឡាករប្រណាំងទូក និងអ្នកមកកម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក៕ ហេង សូរិយា