ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កម៉ូតូបើកឡើងស្ពានជ្រោយចង្វាថ្មីមិនប្រយ័ត្នបុកគូទរថយន្តព្រូស សងអស់១៨០ដុល្លារ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្ត ព្រូសមួយគ្រឿងក្នុងល្បឿនលឿនគួរសម ហើយដោយសារចាប់ហ្វ្រាំងទាំងបង្ខំដោយខ្លាចបុករថយន្តមួយគ្រឿងទៀតនៅពីមុខធ្វើឲ្យរ៉ឺម៉កម៉ូតូមួយគ្រឿងមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ដែរនោះក៏បានជ្រុលចង្កូតទៅបុកគូទរថយន្តព្រូសបែកកាងស្តុបក្រោយសងសំណងការខូចខាតរថយន្តដល់ទៅ១៨០ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានជ្រោយចង្វាថ្មីត្រើយខាងកើតក្នុង ភូមិដើមគរ សង្កាត់- ខណ្ឌជ្រោយចង្វា។

រថយន្តរងគ្រោះម៉ាកតូយ៉ូតា ព្រូស ពណ៌ខៀវ គ្មានស្លាកលេខ(រថយន្តទើបចេញពីឃ្លាំង) រងការខូចខាតបែកកាងនិងស្តុបក្រោយផ្នែកខាងស្តាំ ហើយម្ចាស់រថយន្តមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។ចំណែកឯម្ចាស់រ៉ឺម៉កម៉ូតូមានឈ្មោះ ឈន ប៊ុននី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះបើកបរឡើងស្ពានជ្រោយចង្វា ថ្មីក្នុងទិសដៅពីលិចទៅកើត ហើយរម៉កម៉ូតូកង់បីបង្កបើកបរតាមក្រោយស្របទិសគ្នាដែរ។ ខណ:ដែលបើកបរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តព្រូសបានជាន់ហ្វ្រាំងទច់ងក់ព្រោះខ្លាចបុករថយន្ត មិនចាំម៉ាកមួយគ្រឿងបើកពីមុខ។ករណីនេះធ្វើឲ្យរ៉ឺម៉កម៉ូតូមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូរថយន្តព្រូសពីក្រោយបណ្តាលឲ្យបែកកាងស្តុបក្រោយផ្នែកខាងស្តាំតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរខណ្ឌជ្រោយចង្វាបានចុះទៅកន្លែងកើតហេតុ វាស់វែងនាំយករថយន្តនិងរ៉ឺម៉កម៉ូតូមកក្បែរគល់ស្ពានត្រើយខាងកើតរួចឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នា។បន្ទាប់មកភាគីម្ចាស់រ៉ឺម៉កម៉ូតូដឹងកំហុសក៏បានព្រមសងសំណងចំនួន១៨០ដុល្លារទៅភាគីម្ចាស់រថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ ប្រាថ្នា


ចែករំលែក៖