ភ្នំពេញ៖ ពលករខ្មែរដែលបានទៅធ្វើការនៅប្រទេសថៃខុសច្បាប់បានស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយធ្វើអន្តរាគមន៍ និង ជួយសម្របសម្រួលក្នុងករណីមេខ្យល់ឈ្មោះ ថៃ ធា បាននាំពួកគេទៅធ្វើការនៅប្រទេសថៃទាំងខុសច្បាប់ ហើយកំពុងកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់ពួកគេយ៉ាងខ្លាំង ។
យោងតាមពលករខ្មែរម្នាក់ដែលមិនស៊ូទ្រាំជាមួយស្ថានភាពការងារដ៏លំបាក ហើយត្រូវមេខ្យល់កាត់លុយអស់ៗថែមទៀតនោះបានថ្លែងថា ពួកគេត្រូវបានមេ ខ្យល់ឈ្មោះ ថៃ ធា ធានាអះអាងនាំទៅធ្វើ ការដោយមិនមានលិខិតស្នាមអ្វីទាំងអស់ ដោយគ្រាន់តែឲ្យបង់ប្រាក់ម្នាក់ប្រមាណ ៣៥០ដុល្លារប៉ុណ្ណោះ។ ទឹកប្រាក់៣៥០ ដុល្លារនេះត្រូវបានមេខ្យល់ឈ្មោះ ថៃ ធា អះអាងថា យកទៅធ្វើលិខិតឆ្លងដែនជូន ពួកគេនៅពេលក្រោយ ។
ពលករខ្មែររូបនេះបានរៀបរាប់ទៀតថា សម្រាប់ការធ្វើដំណើរពីកម្ពុជាទៅប្រទេស ថៃវិញត្រូវបានមេខ្យល់យកម្នាក់២០ម៉ឺនរៀល ហើយពេលទៅដល់ប្រទេសថៃពួកគេបានយកថ្លៃ១០០ដុល្លារម្នាក់បន្ថែម ទៀតក្រោមហេតុផលថា ដូររោងចក្រ សម្រាប់ធ្វើការ ។
នៅពេលបានទៅធ្វើការនៅប្រទេសថៃហើយនោះក្រុមពលករទាំងនេះក៏មិនសូវសល់លុយនោះដែរ បើទោះបីពួកគេប្រឹងប្រែងធ្វើការជាច្រើនម៉ោងនិងគ្មានថ្ងៃឈប់សម្រាកក៏ដោយ។ មិនសល់ដោយសារតែ មេខ្យល់ឈ្មោះ ថៃ ធា បានយកលុយពីពួកគេប្រមាណ៣៦ម៉ឺនរៀលទៀតក្នុងរយៈ ពេល៦ខែ។ ប្រាក់នេះត្រូវមេខ្យល់ ថៃ ធា អះអាងថា ជាថ្លៃសម្រាប់ទិដ្ឋាការធ្វើការ ងារនៅក្នុងប្រទេសថៃរយៈពេល២ឆ្នាំ។
ពលករខ្មែរដែលអះអាងថាខ្លួនត្រូវមេ ខ្យល់ឈ្មោះ ថៃ ធា កេងប្រវ័ញ្ចកម្លាំងញើស ឈាមនេះបានឲ្យដឹងទៀតថា ករណីបែប នេះមិនមែនកើតមានសម្រាប់រូបគាត់តែ ម្នាក់នោះទេគឺនៅមានពលករជាច្រើននាក់ទៀតក៏រងការកេងប្រវ័ញ្ចកម្លាំងបែបនេះ ដែរហើយគ្រាន់តែពលករដែលចេញទៅ ប្រទេសថៃជំនាន់គាត់នោះមានរហូតដល់ទៅ៣០នាក់ ។
មេខ្យល់រូបនេះបានសុំសមត្ថកិច្ចពាក់ ព័ន្ធ ជាពិសេសក្រុមការងារក្រសួងការងារដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត មេត្តាជួយផ្តល់ភាពស្របច្បាប់ក្នុងការបំពេញការងារជូនពលករនៅថៃនោះផងព្រោះរហូតមកដល់ ពេលនេះបើទោះបីបង់អស់លុយជាច្រើនយ៉ាងណាក៏ដោយក៏មេខ្យល់ឈ្មោះថៃ ធា មិនបានផ្តល់លិខិតឆ្លងដែនជូនពួកគេឡើយ ។
ពាក់ព័ន្ធនឹងការប្តឹងរបស់ពលករខ្មែរនៅ ប្រទេសថៃនេះយើងមិនទាន់អាចស្វែងរកការបំភ្លឺពីឈ្មោះ ថៃ ធា បាននៅឡើយទេ៕ ហេង សូរិយា