ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបាញ់បោះសេរី ខណៈដែលឃើញឪពុកក្មេក និងប្អូនថ្លៃឈ្លោះប្រកែកគ្នា។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។
លោកវរសេនីយ៍ត្រី ប៉ិច វណ្ណា អធិការស្តីទី បានឱ្យសារព័ត៌មាននគរវត្តដឹងថា ករណីបាញ់បោះខាងលើនេះកើតឡើងនៅផ្ទះរបស់ឈ្មោះ ឆង ហឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ដែលបង្កឡើងដោយឈ្មោះ ឡោ ប៊ុនភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មានមុខរបយោធា បម្រើការងារនៅកងពល ង៧០។
លោកបានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម និងដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកបានចុះដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យខាងលើមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង និងដកហូតបាន កាំភ្លើងខ្លី១ដើម ម៉ាករ៉ូឡូ គ្រាប់ចំនួន៣គ្រាប់និងសំបកគ្រាប់ពីរគ្រាប់ កាតសម្គាល់ខ្លួនមួយច្បាប់ កាំបិតកែច្នៃ១ ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃ ខែខាងលើ មានឈ្មោះ ឆេង មករា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា មានមុខរបរកសិករ ប្រដាប់ដោយ កាំបិតច្នៃបានទៅកាប់បំផ្លាញផ្លែចេករបស់ឈ្មោះ ឆេង ហឿន (ត្រូវជាឪពុក និងកូនបង្កើត) និងត្រូវជាឪពុកក្មេករបស់ខ្លួន បណ្តាលឱ្យមានការឈ្លោះប្រកែកគ្នា។ ឈ្មោះឆេង មករា បានគប់កាំបិតសំដៅទៅឪពុកតែមិនត្រូវទេ ខណៈនោះខ្លួនឃើញដូច្នេះ បានទាញកាំភ្លើងបាញ់២គ្រាប់ តែពុំបណ្តាលឲ្យមានអ្នកណារបួសទេដើម្បីគំរាមមិនឲ្យឈ្លោះគ្នា ។
បច្ចុប្បន្នករណីនេះជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ខណៈជនសង្ស័យឈ្មោះ ឆេង មករា បានគេចខ្លួនបាត់៕ ភ្នំដា