ខេត្តសៀមរាប៖ កម្មករស៊ីឈ្មួលធ្វើប្រហិតត្រីម្នាក់ ត្រូវជាកូនធម៌ម្ចាស់ផ្ទះ ស្រវឹងខួបរាល់ថ្ងៃ ប៉ងសម្លាប់ខ្លួនជាច្រើនដងតែមិនបានសម្រេច រហូតមកដល់ពេលកើតហេតុ ចំពេលគ្មានត្រីធ្វើ ហើយគ្មានមនុស្សនៅ ក៏យកកូនកាំបិតចិតបន្លែ មកចាក់ពោះ និងបំពង់ក បណ្តាលឲ្យហូរឈាមជោកជាំនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្នពេញភូមិ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុង ភូមិធ្លក អណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងបរិវេណផ្ទះធ្វើប្រហិត កាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមសាក្សី ឈ្មោះ រុំ រ៉ា ភេទស្រី អាយុ១៧ឆ្នាំ ជាកម្មករធ្វើត្រីដូចគ្នា មានស្រុកកំណើតនៅទន្លេ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានឃើញហេតុការណ៍ បានប្រាប់សារព័ត៌មាននគរវត្តថា មុនពេលកើតហេតុ នាងខ្ញុំបានដើរទៅលេងដៃ បន្ទាប់ពីហូបបាយរួច ស្រាប់តែប្រទះឃើញជនរងគ្រោះបានស្លាប់ រួចនាងខ្ញុំក៏រត់មកប្រាប់អ៊ុំ ប្រុស ម្ចាស់ផ្ទះ ដើម្បីឲ្យជួយហៅសមត្ថកិច្ចអន្តរាគមន៍។
បើតាមសម្តីរបស់ម្ចាស់ផ្ទះ ឈ្មោះ ជូ ចាន់ណូ ភេទប្រុស អាយុ៥៤ឆ្នាំ និង ប្រពន្ធឈ្មោះ ឆេង ណាវី អាយុ៤៦ឆ្នាំ មុខរបរជាថៅកែប្រហិតត្រី បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់នោះជាកូនធម៌របស់គាត់ ។ គាត់ បានយកក្មេងមកចិញ្ចឹម ប្រុស ស្រី ចំនួន ៣នាក់ ទុកដូចជាកូន បង្កើត ព្រោះយកមកចិញ្ចឹម តាំងពីពួកគេអាយុជាង១០ឆ្នាំ ដើម្បីជួយឲ្យធ្វើប្រហិតត្រី ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីម្ចាស់ផ្ទះបានខលមកប្រាប់ថា មានករណីធ្វើឃាតខ្លួនឯងរួចមក កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញ ចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកុសល្យវិច័យ លើសាកសព ជនរងគ្រោះ ឈ្មោះ សែន ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅជាមួយម្ចាស់ផ្ទះ ក្រោយមកបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្មោចចូលចាក់សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មអ្វីនោះទេ រួចក៏ប្រគល់សាកសពរងគ្រោះឲ្យម្ចាស់ផ្ទះ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី