ព័ត៌មានទាន់ហេតុការណ៍៖

ជិតរៀបការបាញ់ប្លន់ទាំងយប់នៅក្នុងខណ្ឌ៧មករាបណ្ដាលឲ្យរបួសធ្ងន់នារីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅជាប់របងសាលាបឋមសិក្សា បាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានករីណីបាញ់ប្លន់យកម៉ូតូយ៉ាងសាហាវមួយបានកើតឡើងទៅលើនារីម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្លាយថ្ពាល់ពីម្ខាងទៅម្ខាងហើយជនសង្ស័យលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់ដោយសុវត្ថិភាព។ ចំណែកនារីរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទិត្យ មុនីរ័ត្ន អាយុ២៣ឆ្នាំ ស្នាក់នៅជាមួយគូដណ្តឹងម្តុំសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យបាញ់ប្លន់យកទៅបាត់នោះម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ GP-0078 ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតជិះម៉ូតូមកឈប់នៅកន្លែងកើតហេតុដើម្បីមកហៅមិត្តភក្តិម្នាក់ទៀតទៅផ្ទះ។ ពេលដែលនារីរងគ្រោះកំពុងឈប់ចាំស្រាប់តែមានជនសង្ស័យម្នាក់ដើរសំដៅមករកនាង និងដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់មួយគ្រាប់សំដៅនារីរងគ្រោះចំថ្ពាល់ធ្លាយពីម្ខាងទៅម្ខាងបណ្ដាលឲ្យ ដួលធ្លាក់ពីលើម៉ូតូ ហើយជនសង្ស័យក៏យកម៉ូតូនារីរងគ្រោះជិះចេញទៅបាត់តែម្ដង។ ភ្លាមៗនោះពេលដែលឃើញដូច្នេះប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុ ក៏បានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ភពរាជធានី ដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ។

ប្រភពព័ត៌មានពីអ្នកដែលស្គាល់នារីរងគ្រោះបានឲ្យដឹងថា នារីរងគ្រោះមានគូដណ្ដឹងរួចហើយ ហើយក៏ជិតដល់ថ្ងៃចូលរោងការឆាប់ៗនេះដែរ តែមិនគួរជួបរឿងអាក្រក់បែបនេះសោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់បានចុះដល់កន្លែងកើតហេតុបានត្រឹមតែនាំគ្នាដើររកសំបកកាទូស្សកាំភ្លើងតែប៉ុណ្ណោះ ហើយក្រោយពីរកឃើញសមត្ថកិច្ចបានប្រាប់ថាកាំភ្លើងដែលជនសង្ស័យបាញ់ប្រហារទៅលើជនរងគ្រោះនោះម៉ាកកា៥៩ ក្រោយពេលដែលបាញ់រួចជនសង្ស័យយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។

ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំនារីរងគ្រោះម្នាក់ទៀតដែលមកជាមួយគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល វាលវង់ ដើម្បីងាយកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕សុខាសែនជ័យ

 

 


ចែករំលែក៖