ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មជ្ឈិមបូព៌ាពិបាកក្នុងការស្វែងរកសន្តិភាពដោយសារអស់ពីសង្គ្រាមមួយចូលដល់សង្គ្រាមមួយទៀត

ចែករំលែក៖

ពេលដំបូង គេសង្ឃឹមថា តំបន់មជ្ឈិម បូព៌ានឹងទទួលបានសន្តិភាពក្រោយពេលកម្ចាត់ក្រុមភេរវកម្ម IS ប៉ុន្តែមិនដូចអ្វីដែលគេបានគិតនោះឡើយ គឺតំបន់នេះពិបាក នឹងរកឃើញពន្លឺនៃសន្តិភាព ដោយសារ តែអស់ពីសង្គ្រាមមួយ ឈានចូលសង្គ្រាម មួយទៀត ។

សង្គ្រាមនៅពេលអនាគតអាចជា សង្គ្រាមរវាងអីុរ៉ង់និង អារ៉ាប៊ីសាអ៊ូឌីត ហើយប្រទេសទាំងពីរ ម្ខាងទទួលបានការ គាំទ្រពីអាមេរិក និងម្ខាងទៀតពីរុស្ស៊ី ។ ពេលនេះ អារ៉ាប៊ីសាអ៊ូឌីតនិងអីុរ៉ង់បានចោទប្រកាន់គ្នាទៅវិញទៅមករឿងសង្គ្រាមវាយប្រហារនៅយេម៉ែន។

ភាពតានតឹងមានកាន់តែខ្លាំងមួយកម្រិតទៀត រវាងអារ៉ាប៊ីសាអ៊ូឌីត នឹងអុីរ៉ង់ ដោយសារតែទង្វើបាញ់មីស៊ីលបាលីស្ទិករបស់ពួកឧទ្ទាមយេម៉ែន។ អារ៉ាប៊ីសាអ៊ូឌីត បានចោទអុីរ៉ង់ថាបានផ្តល់ការគាំទ្រយោធាដល់យេម៉ែន តែអុីរ៉ង់បដិសេធហើយចោទក្រុងរីយ៉ាតវិញថា ជាអ្នកប្រព្រឹត្តឧក្រិដ្ឋសង្គ្រាមនៅ យេម៉ែន។

សម្រាប់អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត មីស៊ីលរបស់យេម៉ែនដែលរីយ៉ាតកម្ទេចបានទាន់ពេលវេលា និងធ្លាក់កម្ទេចបំណែកក្នុងរង្វង់អាកាសយានដ្ឋាន គឺដោយសារមានអុីរ៉ង់ គាំទ្រ។ ទង្វើបែបនេះ ជាការរំលោភបំពាន និងជាការប្រកាសសង្គ្រាម។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា អារ៉ាប៊ីសាអ៊ូឌីត បានធ្វើការចោទប្រកាន់ដោយត្រង់ៗថាអុីរ៉ង់ បានផ្តល់ជំនួយ យោធា ជាសម្ភារនិងជំនួយការបច្ចេកទេសមីស៊ីលដល់ពួកឧទ្ទាមហ៊ូទី យេម៉ែន ដែល កំពុងកាន់កាប់រដ្ឋធានីសាណា និងតំបន់ប៉ែកខាងជើងនិងខាងលិចប្រទេស។ ជាមួយ នឹងពាក្យចោទប្រកាន់នេះ ក្រុងរីយ៉ាត ក៏ បានព្រមានបិទខ្ទប់ច្រកព្រំដែនគោក ព្រំ ដែនទឹក និងផ្លូវអាកាស មួយរយៈលើក លែងតែក្បួនជំនួយមនុស្សធម៌។

ប៉ុន្តែអុីរ៉ង់បដិសេធ និងយល់ថាជាការចោទប្រកាន់ដែលគ្មានទំនួលខុសត្រូវ និង បែបបង្ករឿង។ ចំពោះតេអេរ៉ង់ ដែលអះ អាងថាគ្មានជាប់ពាក់ព័ន្ធអ្វីទាំងអស់នឹងការបាញ់មីស៊ីលរបស់យេម៉ែន កាលពីថ្ងៃសៅរ៍ គឺអារ៉ាប៊ីសាអ៊ូឌីតនេះឯងទេ ជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសយេម៉ែនដែលលង់នៅក្នុងជម្លោះ។

ដើម្បីបិទខ្ទប់ឥទ្ធិពលរបស់អុីរ៉ង់ ដែល កាន់និកាយសុីអ៊ីត អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសអ៊ិស្លាមនិកាយស៊ុននីត បានដឹកនាំក្រុម ប្រទេសជាសម្ព័ន្ធអារ៉ាប់ ចូលធ្វើអន្តរាគមន៍ នៅប្រទេសយេម៉ែនតាំងពីឆ្នាំ២០១៥ ដើម្បីជួយរដ្ឋាភិបាលកាន់អំណាចនៅយេម៉ែន ប្រឈមនឹងពួកឧទ្ទាមហ៊ូទី។ តែអ្នកវិភាគ ខ្លះយល់ថា អារ៉ាប៊ីសាអ៊ូឌីតរៀបចំប្រតិបត្តិការសម្ព័ន្ធអារ៉ាប់ឡើង ដោយមិនចង់ឃើញមានពួកឧទ្ទាមហ៊ូទីក្លាយជាសត្រូវមួយទៀតនៅជាប់ព្រំដែនរបស់ខ្លួន ដូចពួកហេស ប៊ូឡានៅលីបង់។ កាលពីថ្ងៃទី៦ ខែវិច្ឆិកា អារ៉ាប៊ីសាអ៊ូឌីត បានប្រកាសផ្តល់រង្វាន់៤៤០លានដុល្លារ ដល់ការចាប់ខ្លួនមេដឹកនាំឧទ្ទាមហ៊ូទី ៤០នាក់បាន។

ភាពប្រឈមរវាងអារ៉ាប៊ីសាអ៊ូឌីតនឹង អុីរ៉ង់ជុំវិញបញ្ហាយេម៉ែន ដែលហាក់បាន ស្ងប់ស្ងាត់បន្តិច ដោយក្រុងរីយ៉ាតរវល់ជាប់ឈ្លោះជាមួយកាតារ បានផ្ទុះឡើងក្នុង ខណៈដែលអុីរ៉ង់កំពុងឈ្នះក្នុងសង្គ្រាមនៅអុីរ៉ាក់និងស៊ីរី។ សង្គ្រាមមជ្ឈិមបូព៌ាដែល ជើងខ្លាំងប្រចាំតំបន់ទាំងពីរ ដំឡើងធ្មុងដាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

នៅពេលនេះ កម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយប្រទេសសាវឌីអារ៉ាប៊ី បាន សម្រេច បិទផ្លូវ គោក ផ្លូវទឹកនិងផ្លូវអាកាស ចូលទៅកាន់ប្រទេសយេម៉ែន ។ សារព័ត៌ មាន SPA SPA បាននិយាយនៅថ្ងៃចន្ទ កន្លងមកនេះថា កងកម្លាំងយោធាដឹកនាំ ដោយអារ៉ាប៊ីសាអ៊ូឌីត ទើបបាននិយាយថា ខ្លួននឹងធ្វើការបិទជាបណ្ដោះអាសន្ន នូវផ្លូវ អាកាស ផ្លូវគោក និងផែសមុទ្រ ចូលទៅ កាន់ប្រទេសយេម៉ែន ដើម្បីទប់ស្កាត់លំហូរ អាវុធ ទៅឲ្យក្រុមឧទ្ទាមហូធី ពីប្រទេសអុីរ៉ង់ ។

យោងតាមកាសែតរ៉យទ័រ ចុះផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹង ថា សកម្មភាពបិទផ្លូវនេះ គឺធ្វើឡើង បន្ទាប់ ពីបាញ់ទម្លាក់មីស៊ីលមួយ ដែលបាញ់ចេញ ពីប្រទេសយេម៉ែន សំដៅទៅទីក្រុងរីយ៉ាដ កាលពីថ្ងៃសៅរ៍ ដែលកងកម្លាំងសម្ពន្ធមិត្ត ពិពណ៌នាថា គឺជាការបង្កើនគ្រោះថ្នាក់ បង្ក ឡើងដោយក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយ អុីរ៉ង់ ដែលកំពុងគ្រប់គ្រងផ្នែក ដ៏ធំនៃប្រទេស យេម៉ែន ។

គួរបញ្ជាក់ថា កងកម្លាំងសម្ពន្ធមិត្ត និង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន រិះគន់អុីរ៉ង់ ចំពោះការវាយប្រហារនោះ ប៉ុន្តែប្រធានកងកម្លាំង ការពារបដិវត្តន៍ អ៊ិស្លាមអុីរ៉ង់ បានច្រាលចោលការចោទ ប្រកាន់នោះ កាលពីថ្ងៃអាទិត្យ ដោយបាន ហៅសម្តីរបស់លោក ត្រាំ ថាជាពាក្យ បង្កាច់បង្ខូច ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនេះដែរ ប្រទេសលីបង់ បានប្រកាសសង្គ្រាមប្រឆាំងជាមួយសត្រូវរបស់ខ្លួន ព្រោះអ្វីដែលខ្លួន បានពិពណ៌នាថា មានភាពគឃ្លើនធ្វើឡើងដោយក្រុមហេសប៊ូឡា ដែលគាំទ្រដោយអុីរ៉ង់ ប្រឆាំងអារ៉ាប៊ីសា អ៊ូឌីត។

រដ្ឋមន្ត្រីកិច្ចការឈូង សមុទ្រអារ៉ាប៊ីសា អ៊ូឌីត លោក Thamer al-Sabhan នៅក្នុង បទសម្ភាសន៍មួយ ជាមួយនឹងទូរទស្សន៍ Al-Arabiya TV បាននិយាយថា រដ្ឋាភិបាល លីបង់ ត្រូវតែធ្វើការដោះស្រាយ ស្របពេល ដែលរដ្ឋាភិបាលមួយ បានប្រកាសសង្គ្រាម មកលើប្រទេសអារ៉ាប៊ីសាអូ៊ឌីត។

លោក Sabhan បាននិយាយបន្តទៀតថា សារនេះ គឺត្រូវបានបញ្ជូនទៅឲ្យលោក Saad al-Hariri ជាអ្នកនយោបាយលីបង់ មានសម្ពន្ធភាពជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានប្រកាសចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រីប្រទេសលីបង់ កាលពី ថ្ងៃសៅរ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយ មកពីអារ៉ាប៊ីសាអ៊ូឌីត។

តាមសេចក្តីរាយការណ៍ ពីកាសែតរ៉យ ទ័រ លោករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតរូបនោះ បានបន្ថែមថា សកម្មភាពដ៏គឃ្លើនមកលើអារ៉ាប៊ីសាអ៊ូឌីតរបស់ក្រុមហេសប៊ូឡា ត្រូវ បានចាត់ទុកថា ជាទង្វើប្រកាសសង្គ្រាម ប្រឆាំង អារ៉ាប៊ីសាអូ៊ឌីត ធ្វើឡើងដោយ លីបង់ និងដោយបក្សបិសាចរបស់លីបង់៕ ម៉ែវ សាធី

 


ចែករំលែក៖