ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលស្រុកពញាឮ ចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីពាក់ព័ន្ធដឹកឈើប្រណីតដោយខុសច្បាប់ កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤៥នាទី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនមាន៖ ឈើប្រណីតប្រភេធ្នុងចំនួន២៤ដុំ និងម៉ូតូសណ្ដោងរ៉ឺម៉កចំនួនមួយគ្រឿង ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមាន២នាក់ ទី១-ឈ្មោះ ភិន សុខហេង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ និងទី២-ឈ្មោះ សៅរ ដានី ហៅច្រែង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទោង ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងកំពុងបើកតាមបណ្ដោយផ្លូវដោយមានដឹកឈើផងដែរ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានហៅឲ្យឈប់ រួចសុំឆែកឆេរបានរកឃើញឈើប្រណីតជាប្រភេទឈើធ្នុងចំនួន២៤ដុំ ឈានដល់ចាប់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ