ខេត្តស្វាយរៀង៖ ជនសង្ស័យជាជនជាតិវៀតណាម២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីវេលាម៉ោង ១១ និង ៥៥ នាទីយប់ ថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ពាក់ពន្ធ័រក្សាទុក ជួញដូរសារធាតុញៀនខុសច្បាប់។
មន្ត្រីអាវុធហត្ថខេត្តបានប្រាប់កាសែតនគរវត្តថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ និងដោយមានការសម្រួលនីតិវិធីពីលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញានៃអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបមុខសញ្ញា រក្សាទុកឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន៖
១-ឈ្មោះ យូ យាំងហ៑ុង ភេទប្រុស អាយុ ៤៣ ឆ្នាំជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ២-ឈ្មោះ ប៉ែន ដារ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំជនជាតិវៀតណាម មុខរបរ ជាងសំណង់ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៦ កញ្ចប់ ( ធំ ០៥ កញ្ចប់ តូច ០១កញ្ចប់ ) មានទម្ងន់ ៧០៣ ក្រាម (គិតទាំងសំបកវេចខ្ចប់), ថ្នាំគ្រាប់ចំនួន ០៣ ដុំធំស្មើនិង ៦៦៩ ក្រាម គិតទាំងសំបកវេចខ្ចប់, ទូរសព្ទដៃចំនួន ០៥គ្រឿង, ប្រាក់ដុល្លារ ចំនួន ២០០ ដុល្លារ, ប្រាក់រៀល ចំនួន ៥៧ ៥០០៛ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ និងវត្ថុតាង ត្រូវបាន កងរាជរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនមកតុលាការខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន