ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោសខ្មែរ២នាក់ត្រូវបានក្រុមអាជ្ញាធរថៃដោះលែងវិញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្រុមអាជ្ញាធរថៃបានដោះលែងអ្នកទោសខ្មែរ២នាក់ ដែលចោទប្រកាន់ពីបទឆ្លងដែនកាប់ឈើគ្រញួង នាំខ្លួនមកប្រគល់ឲ្យក្រុមអាជ្ញាធរកម្ពុជាវិញ តាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកទោសខ្មែរ ដែលក្រុមអាជ្ញាធរថៃដោះលែង ១ឈ្មោះគៀន ចាន់សារឿន ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ទាហានថៃចាប់ខ្លួនថ្ងៃទី១៨ សីហា ២០១៧ ជាប់ពន្ធនាគារនៅខេត្តអ៊ូ ប៊ុន នឹងម្នាក់ទៀតឈ្មោះ ឃួន អ៊ុំ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិតាឡាត់ខ្វាយ ឃុំតាឡាត់ខ្វាយ ស្រុកព្រៃវែង ខេត្តព្រៃវែង ទាហានថៃចាប់ខ្លួនថ្ងៃទី១៧ ឧសភា ២០១៧ ជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ អ្នកទាំង២នាក់នេះ ឆ្លងដែនចូលតាមច្រកត្រពាំង៣ ភូមិត្រពាំង៣ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្រុមអាជ្ញាធរ ដែលបម្រើការងារនៅមាត់ច្រកទ្វារជាំបានឲ្យដឹងថា អ្នកទោសខ្មែរ២នាក់ ដែលក្រុមអាជ្ញាធរថៃដោះលែងឲ្យមានសេរីភាពនាំយកមកប្រគល់ឲ្យនោះសមត្ថកិច្ចបានអប់រំ និងធ្វើកិច្ចសន្យាឲ្យឈប់ឆ្លងដែនខុសច្បាប់តទៅទៀត រួចឲ្យវិលត្រឡប់ទៅឯស្រុកកំណើតវិញក្នុងថ្ងៃដដែល។

គួររំលឹកផងដែរថា ក្រុមអាជ្ញាធរថៃ ដែលបញ្ជូនអ្នកទោសខ្មែរជាបន្តបន្ទាប់នាំខ្លួនយកមកប្រគល់ឲ្យក្រុមអាជ្ញាធរកម្ពុជានៅមាត់ច្រកទ្វារអន្តរជាតិជាំ នេះ៩៩% ជាអ្នកទោសឆ្លងដែនលួចកាប់ឈើគ្រញួងនៅក្នុងទឹកដីថៃ ដោយមិនមែនពលរដ្ឋឆ្លងដែលទៅរកការងារធ្វើនោះទេ៕ ប៉ែន នួន


ចែករំលែក៖