ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ! រថយន្តស៊េរីទំនើប២គ្រឿង ម៉ាក, ពណ៌ និងស្លាកលេខដូចគ្នាត្រូវគេប្រទះឃើញនៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ មានហេតុការណ៍គួរ ឲ្យភ្ញាក់ផ្អើលមួយទៀតហើយដោយកើតឡើងនៅខាងមុខធនាគារABA ស្ថិតក្នុង ក្រុងកំពង់ចាមកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈមានរថយន្តស៊េរីទំនើប២គ្រឿងពាក់ស្លាកលេខតែមួយភ្នំពេញ 2AD-6345។

ដើមបណ្តឹងភាគីម្ខាងឈ្មោះតាម៉ាប់ និងជាម្ចាស់ភោជនីយដ្ឋានហាវ អាន បានប្តឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមឲ្យឃាត់រថយន្តភាគីម្ខាងទៀតដើម្បី រកខុសត្រូវតាមច្បាប់ដោយសារតែរថយន្តនោះមានម៉ាក និងស្លាកលេខដូចរថយន្ត របស់គាត់។ ចំណែកម្ចាស់រថយន្តម្ខាងទៀត ត្រូវបានគេដឹងថារស់នៅរាជធានីភ្នំពេញនិងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។

ទាក់ទងនឹងភាពមិនប្រកតីនេះមន្រ្តីជាន់ខ្ពស់នៃស្នងការដ្ឋាននគបាលខេត្តម្នាក់បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបានឃាត់រថយន្តនេះទុកដើម្បីស្រាវជ្រាវ ហើយនៅពេលមន្ត្រីជំនាញឆែកគល់បញ្ជីនៅក្រសួងសាធារណការនិងដឹក ជញ្ជូនទើបដឹងថា ម្ចាស់រថយន្តម្ខាងទៀត បែរជាកូនរបស់ដើមបណ្តឹង(តាម៉ាប់)ទៅវិញដែលរថយន្តនោះម៉ាកឡិចសុីស RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-6345 ។

ប្រជាពលរដ្ឋដែលធ្លាប់ជួបដូចករណីខាងលើបានលើកឡើងថា រថយន្ដទាំង២ គ្រឿងនេះមាន១គ្រឿងនាំចូលអត់ពន្ធស្របច្បាប់ (ពាក់ស្លាកលេខក្លែងក្លាយ) រីឯ ស្លាកលេខចេញដោយក្រសួងសាធារណ ការ និងដឹកជញ្ជូន ប៉ុន្តែខាងគយជាអ្នក អនុញ្ញាតឲ្យរថយន្ដអត់ពន្ធនាំចូល ពោលគឺ សុទ្ធតែមានការអនុញ្ញាតពីសមត្ថកិច្ចពាក់ពន្ធទាំងអស់ ។

នេះជាការភ្ញាក់ផ្អើលលើកទី២បន្ទាប់ពី លើកទី១នៅរាជធានីភ្នំពេញមានរថយន្ត ២គ្រឿងម៉ាកតែមួយ ពាក់ស្លាកលេខតែ មួយដូចគ្នា (ស្លាកលេខភ្នំពេញ 2U-3108 ) ត្រូវបានគេរកឃើញនៅសង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕ វណ្ណៈ


ចែករំលែក៖