ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្ដកណ្ដាលបង្រ្កាបទីតាំងស្ដុកឈើប្រណីតល្មើសច្បាប់និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៩នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាក្ដុល ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដនិងសម្របសម្រួលពីលោក ទិត ចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកណ្ដាល ចុះបង្រ្កាបឆែកឆេរផ្ទះជួលមួយកន្លែង ដែលស្តុកឈើប្រណីត (ឈើក្រញូង) ដោយគ្មានច្បាប់អនុញ្ញាតិនិងចាប់ខ្លួនមនុស្ស១៩នាក់ដែលជាប់ពាក់ព័ន្ធ ។

ប្រតិបត្ដិការបង្រ្កាបករណីខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃព្រហស្បត៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជួល លេខ៤៥៦ ផ្លូវលេខ១១៥ ស្ថិតក្នុងភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ជនសង្ស័យជាម្ចាស់ឈើមានឈ្មោះ ទូ ជនជាតិវៀតណាម (រត់គេចខ្លួន) រីឯមនុស្សដែលពាក់ព័ន្ធចំនួន១៩នាក់ដែលឃាត់ខ្លួន ទី១-ឈ្មោះ ឱម តុលារតន៍ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនាយកសាខាងក្រុមហ៊ុនមិត្ដហ្វូន ទី២-ឈ្មោះ ណង រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនាយរងបច្ចេកទេសក្រុមហ៊ុនមិត្ដហ្វូន ទី៣-ឈ្មោះ ហេង សូវៀត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរប្រធានហិរញ្ញវត្ថុសាខាមិត្ដហ្វូន ទី៤-ឈ្មោះ ម៉ារិទ្ធ គង់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរប្រធានផ្នែកអ៊ីនធឺណែត ទី៥-ឈ្មោះ NGUYEN MANHHANHHAT ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនាយករងអាជីវកម្ម ទី៦-ឈ្មោះ លួង ចន្ធី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ទី៧-ឈ្មោះ ដាំង យាំងតាំ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ទី៨-ឈ្មោះ ដូ យាំងឡាំ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិវៀតណាម ទី៩-ឈ្មោះ ជា ខន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុន ទី១០-ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី១១-ឈ្មោះ លន់ សោភណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី១២-ឈ្មោះ ជឿន សេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី១៣-ឈ្មោះ ហែម ចំរាម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី១៤-ឈ្មោះ ឡុង សាយ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ដក្រុមហ៊ុន ទី១៥-ឈ្មោះ ពៅ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកអ៊ីនធឺ់ណែត ទី១៦-ឈ្មោះ ប៉ាត ទី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី១៧-ឈ្មោះ ច្រឹង លាងហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី១៨-ឈ្មោះ ហង្ស ស្រេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ និងទី១៩-ឈ្មោះ យៀង ម៉េងហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។

ក្នុងប្រតិបត្ដិការបង្រ្កាបនេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ឈើប្រណីតប្រភេទឈើក្រញូងចំនួន៣៣០៥គីឡូក្រាម ស្មើនិង២,៥៤២ម៉ែត្រត្រីគុណ ,រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ៥តោន គ្មានស្លាកលេខមួយគ្រឿង ,រថយន្ដម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ដ0720 ភព២ មួយគ្រឿង និងរថយន្ដម៉ាកកាមរី ស៊េរីឆ្នាំ១៩៨៧ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2B-4994 មួយគ្រឿង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ថា មានរថយន្ដមួយគ្រឿងម៉ាកកាមរី បានដឹកឈើប្រណីត(ឈើក្រញូង) បត់ចូលក្នុងលំដ្ឋានកើតហេតុខាងលើ ភ្លាមនោះលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដនិងមានការសម្របសម្រួលពីលោក ទិត ចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដ បញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាក្ដុល ចុះធ្វើការឡោមព័ន្ធនិងឆែកឆេរលំដ្ឋានសង្ស័យ រកឃើញវត្ថុតាងដូចបានរៀបរាប់ខាងលើ ឈានដល់ខ្លួនមនុស្សចំនួន១៩នាក់ យកមកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ រីឯជនសង្ស័យដែលជាម្ចាស់ឈើបានរត់គេចខ្លួនស្រមោល ៕ ស្អាងជ័យ


ចែករំលែក៖