ខេត្តកំពង់ស្ពឺ៖ រថយន្តឡិចស៊ីស៤៧០មួយគ្រឿង បានបុករថយន្តហ្វុយហ្សូចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យកំពិតមុខមើលលែងយល់។ ក្នុងហេតុការន៍នេះដែរ មិនបណ្តាលឲ្យមានអ្នកស្លាប់នោះទេ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣៩នាទីទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨១ លេខ៨២ ចំណុចភូមិទី១(ចំការគរ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
រថយន្តឡិចស៊ីស470ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2Q5505បើកបរដោយឈ្មោះភឿន សុផានិតភេទប្រុសអាយុ36ឆ្នាំមានទីលំនៅផ្ទះ21ABផ្លូវ184ស/កជ័យជំនះ ខណ្ឌដូនពេញ ភ្នំពេញ។
រថយន្តម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ3A1945 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេច) ទិសដៅពីកើតទៅទិសខាងលិច។
ប្រភពពីសមត្ថកិចបានប្រាប់ថា រថយន្ត៤៧០បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើទំនងជាតៃកុងងងុយដេកទើបរេចង្កូតទៅបុករថយន្តហ្វុយហ្សូ ចំពីមុខយ៉ាងពេញទំហឹង។
ប្រភពបន្តថា បន្ទាប់មករថយន្តលុចស៊ិសនេះក៍ខ្ទាតទៅប៉ះជាមួយរថយន្តមួយគ្រឿងទៀត (បើកបរពីទិសខាងកើតទៅលិច )ម៉ាក STERLING ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 3D8483 អ្នកបើកបរមិនស្គាល់ឈ្មោះ(ចុះរត់គេច)។
ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែអ្នកបើកឡិចស៊ីសរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតីវិធី៕ សេនាស័ក្តិ