ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងជើងចាស់ លោកយាយចាន់ ស៊ី​ផាន់ ទទួលមរណភាព​ក្នុងជន្មាយុ៩៣ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ អ្នកស្រី ចាន់ ស៊ីផាន់ ដែលមហាជនស្គាល់ថា ជាតារាសម្ដែងជើងចាស់ និង គ្រូបង្ហាត់សិល្បៈនៅ សាលាវិចិត្រសិល្បៈ បានទទួលមរណភាពហើយក្នុ្ងងវ័យ៩២ឆ្នាំបន្ទាប់ពីធ្លាក់ខ្លួនឈឺជាង២ឆ្នាំមកនេះ។ មរណភាពរបស់តារាសម្តែងជើងចាស់រូបនេះក៏បានបន្សល់ទុកនូវការសោកស្តាយសម្រាប់សិល្បករ និងមហាជនផងដែរ។

យោងតាមអ្នកស្រី ឡុច សុធី ដែលត្រូវជាកូន បានប្រាប់ថាម្ដាយរបស់អ្នកស្រីបានស្លាប់នៅម៉ោង៤ទៀបភ្លឺថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧នេះ បច្ចុប្បន្នក្រុមគ្រួសារកំពុងតែរៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់អ្នកស្រី ដែលមានទីតាំងខាងក្រោយស្ថានទូតចិន។ តារាជើងចាស់អ្នកស្រី ចាន់ ស៊ីផាន់ បានស្លាប់ក្នុងវ័យ៩៤ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺជាង២ឆ្នាំមកនេះ។ តាមការឲ្យដឹងពីកូនស្រីខាងលើ អ្នកស្រី មានជំងឺថ្លើម ហើយចុងក្រោយមានជំងឺរលាកពោះវៀន។

ជំងឺរបស់វីរសិល្បករជើងចាស់រូបនេះ ទើបតែធ្លាក់ខ្លួនឈឺខ្លាំងជាងកន្លះខែមកនេះរហូតដល់ថ្នាក់ថ្នាក់ពិសាអ្វីលែងកើត ហើយចុងក្រោយក៏បានស្លាប់ បន្ទាប់ពីក្រុមគ្រួសារបានព្យាយាម ឲ្យគ្រូពេទ្យសង្គ្រោះ ទាំងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យផងនិង ព្យាបាលនៅផ្ទះ។ទទឹមគ្នានោះដែរ តារាជើងចាស់អ្នកស្រី ចាន់ ស៊ីផាន់ ក៏បានទទូចចង់ជួបមុខ មិត្តរួមអាជីពមុនអ្នកស្រីចែកឋានទៅ ដូចជាចង់ជួបនាយ កុយ នាយក្រឹម ជាដើម។ ភ្លាមៗ នាយកុយ ក៏បានទៅសួរសុខទុក្ខ នៅមន្ទីរពេទ្យខ្មែរសូវៀត ហៅពេទ្យរុស្សី ដែលកំពុងតែចូលសង្គ្រោះបន្ទាន់នៅទីនោះ ហើយថែមទាំងបាន បានជូនប្រាក់១០០ ដុល្លារដល់លោកយាយផងដែរ។

ចំពោះនាយក្រឹមវិញ នាយកុយថា គ្រោងនិងមកសុខទុក្ខលោកយាយ នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ព្រោះកំពុងជាប់រវល់ថត ប៉ុន្តែទោះបីមានការបញ្ជាក់ពីនាយ កុយ បែបនេះក្ដីរហូតដល់លោកយាយ ស្លាប់នាយ ក្រឹម មិនបានមកជួបឡើយ។ អ្នកស្រីឡុច សុធីមិនបានខឹងសម្បាអ្វីពីអវត្តមាននាយក្រឹមនោះទេ ព្រោះដូចបានធ្លាប់លើឡើងកន្លងមក អ្នកស្រីមិនបានស្នើសុំជំនួយពីអ្នកសិល្បៈឬ សប្បុរសជនណាមួយឡើយ គ្រាន់តែចង់បំពេញបំណងម្ដាយរបស់ខ្លួនដែលចង់ឃើញមុខអ្នកសិល្បៈរួមជំនាន់ ធ្លាប់មានអនុស្សាវរីយ៍ជាមួយគាត់តែប៉ុណ្ណោះ។ បែបនេះក្ដី អ្នកស្រីឡុច សុធី នៅតែមានសង្ឃឹមថា នាយក្រឹម អាចនិងមកចូលបុណ្យម្ដាយ របស់ខ្លួនជាក់ជាមិនខាន ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងជើងចាស់ ចាន់ ស៊ីផាន់អ្នកស្រីមានកូនតែ២នាក់ប៉ុណ្ណោះប្រុស១ ស្រី១ផ្ទះរបស់អ្នកស្រីចាន់ ស៊ីផាន់ ស្ថិតនៅម្តុំខាងក្រោយស្ថានទូតចិន។ កាលមានជីវិតអ្នកស្រី បានប្រើពេលស្ទើរមួយជីវិតរបស់គាត់ ប្រលូកលើវិថីសិល្បៈនេះ ទាំងតារាសម្ដែង គ្រូបង្ហាត់សិល្បៈស្ទើរគ្រប់ទម្រង់ ដូចជា ល្ខោន យីកេ របាំជាដើម ។

សូមដួងវិញ្ញាណក្ខន្ធរបស់លោកយាយចាន់ ស៊ីផាន់ អន្ទោលទៅយោនយកនៅក្នុងភពសុកគតិកុំបីឃ្លៀងឃ្លាតទៅទីដទៃឡើយហោង៕ វឌ្ឍនា


ចែករំលែក៖