ព័ត៌មានទាន់ហេតុការណ៍៖

មុន​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ,​ នៅ​រសៀល​នេះ​ ក្រុម​​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ដាក់​ភស្តុតាង​បន្ថែម​ជូន​តុលាការ​កំពូល​

ចែករំលែក៖

ភ្នំពេញ​៖ មុន​ពេល​ដែល​តុលាការ​កំពូល​ នៅ​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នោះ​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ នឹង​ដាក់​ភស្តុតាង​បន្ថែម​ជូន​តុលាការ​កំពូល​ ករណី​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី​គី​ តិច​ ថ្លែង​ ​។

គួរ​រំលឹក​ថា​ កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧​ ក្រុម​មេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល​ ដើម្បីប្តឹងស្នើសុំរំលាយគណបក្ស​សង្គ្រោះ​ជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕ ចេស្តា


ចែករំលែក៖