ព័ត៌មានទាន់ហេតុការណ៍៖

រសៀល​នេះ​ តុលាការ​ប្រកាស​សាលក្រម​រឿង​ក្ដី​ជនជាប់ចោទ​ ថោង​ សារ៉ាត់​ ប្រឈម​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ បើ​សិន​តុលាការ​រក​ឃើញ​ពិរុទ្ធភាព

ចែករំលែក៖

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ​ ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​ប្រកាស​សាលក្រម​រឿង​ក្ដី​ជនជាប់ចោទ​ ថោង​ សារ៉ាត់​ ​អ្នក​មាន​ស្តុកស្តម្ភ​នៅ​កម្ពុជា​ បច្ចុប្បន្ន​មាន​ឈ្មោះ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​តែ​ធាតុ​ពិត​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ជាយូរមកហើយ​ និង​ ក្រុម​អង្គរក្ស​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​បាញ់​សម្លាប់​យ៉ាង​សាហាវ​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ។​

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។

កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ​នេះ​ ក្រោយ​ពេល​លោក​ តុប​ ឈុន​ហេង​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ពន្យារពេល​ប្រកាស​សាលក្រម​ ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ដ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ជាង​៦ខែ​រួច​មក​ បន្ទាប់​ពី​បញ្ចប់​សវនាការ​អង្គសេចក្តី​។

អ្នក​ច្បាប់​មួយ​រូប​សុំ​មិន​បញ្ចេញ​ ថ្លែង​ថា​ នេះ​ជា​បទល្មើស​ឃាតកម្ម​គិត​ទុក​ជា​មុន​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ដែល​តុលាការ​អាច​មាន​ជម្រើស​ពីរ​ គឺ​ ប្រកាស​ផ្តន្ទា​ទោស​ ឬ​ ប្រកាស​លើក​លែង​ការ​ចោទប្រកាន់​ ឬ​ អាច​មាន​ជម្រើស​ផ្សេង​ទៀត​ តាម​ឆន្ទានុសិទ្ធិ​របស់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ។​

លោក​ ថោង​ សារ៉ាត់​ និង​ ក្រុម​អង្គរក្ស​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ កាលពី​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ហើយ​មក​ទល់​ពេល​នេះ​ ក្រុម​ជនជាប់ចោទ​ ត្រូវ​ជាប់​ពន្ធនាគារ​ជិត​៣ឆ្នាំ​ហើយ​ ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ ចេស្តា

 


ចែករំលែក៖