ភ្នំពេញ៖ តារាចម្រៀង តារាកំប្លែង តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានលើឆាកតន្ត្រីក្នុងកម្មវិធីប្រកាសដំណើរការសាកល្បងដំបូង របស់ផ្សារអាម៉ាហ្សូន កុងទីន័រ(Amazon Continuer) កាលពីរាត្រីថ្ងៃទី១១ខែវិច្ឆិកានេះ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់ ឲ្យទះដៃហ៊ោកញ្ជ្រៀវយ៉ាងកងរំពង នឹងការជួបផ្ទាល់ជាមួយតារាក្នុងដួងចិត្តរបស់ពួកគេ
តារាល្បីៗទាំងនោះមានដូចជា តារាចម្រៀងកញ្ញា មាស សុខសោភា លោក ខាត់ ជេម នាយចឺម កញ្ញា វ៉ាន់ នីឡា កញ្ញា រ៉េត ស៊ូហ្សាណា និងតារាកំប្លែង នាយកុយ នាយក្រឹម លោក ប៉ីប៉ី ឌី DJ កាកា និងសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត។ សិល្បករទាំងអស់សុទ្ធតែបង្ហាញអារម្មណ៍រីករាយនឹងការជួបជាមួយអ្នកគាំទ្រមួយនឹងទិដ្ឋភាពផ្សារនិងការរៀបចំឆាកប្លែកសម្រាប់ព្រឹត្តិការណ៍នេះ។
លោកធី ឬទ្ធីសី អគ្គនាយកផ្សារអាម៉ាហ្សូនកុងទីន័រ បានបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះសម្រាប់ការបើកវេទិកាឲ្យសិល្បករជួបអ្នកគាំទ្រពួកគេដោយផ្ទាល់។លោកថា នៅមានកម្មវិធីពិសេសៗ និងតារាចម្រៀង តារាសម្តែង តារាកំប្លែងជាច្រើនទៀត នឹងបង្ហាញវត្តមាននៅទីនេះ។ លោកបញ្ជាក់ថា លោកនឹងបើកឱកាសសម្រាប់សិល្បករនិងអ្នកគាំទ្ររបស់ពួកគេជារៀងរាល់ថ្ងៃផងដែរ។
លោកថា មូលហេតុនៃការបើកដំណើរការផ្សារនេះ ព្រោះតែសង្កេតឃើញពីតម្រូវការរបស់ក្រុមយុវជនដែលនិយមចូលចិត្តទីផ្សារដែលប្លែក នៅទីនេះជាតំបន់ប្រជុំជន ហើយនៅទីនេះមានជាង១២៦តូបមានបម្រើសេវាកម្មច្រើនទាំងលក់សម្លៀកបំពាក់ ហាងSalon ហាងលក់វត្ថុអនុស្សាវរីយ៍ ពិសេសអាហាររដ្ឋាន ដែលអបដោយក្រុមតន្ត្រីករ សិល្បករល្បីឈ្មោះលេង និងច្រៀងកំដរ ជារៀងរាល់ថ្ងៃ បូករួមទាំងការចាប់រង្វាន់ជារៀងរាល់ខែផងដែរ។
លោកបញ្ជាក់ថា ផ្សារនេះស្ថិតក្រោមទុនវិនិយោគប្រមាណជាង៦០ម៉ឺនដុល្លារអាមេរិក ក្រោមការរៀបចំ រចនាប្រកបដោយភាពទាក់ទាញខ្លាំង ហើយពេលនេះគឺពិតជាទទួលបានការចាប់អារម្មណ៍លើសពីការរំពឹងទុក។ អ្នកជំនួញវ័យក្មេងរូបនេះលើកឡើងដែរថាលោកក៏មានគម្រោងពង្រីកអាជីវកម្មមួយចំនួនទៀតនៅថ្ងៃខាងមុខដើម្បីបម្រើការកម្សាន្ត ផ្តល់ ឱកាសការងារ ពង្រីកសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។
លោករំពឹងថា ប្រជាជនខ្មែរ និងក្រុមយុវវ័យនឹងទទួលបានការការកម្សាន្តថ្មីប្លែក ជាមួយនឹងការជួបជុំ សម្រាកលម្ហែអារម្មណ៍ពេលបញ្ចប់ការងាររួច។
គួរបញ្ជាក់ដែរថា ផ្សារអាម៉ាហ្សូនកុងទីន័រ(Amazon Continuer)ខាងលើមានទីតាំងស្ថិតនៅជិតផ្សាសាំហាន់រឺផ្សាទួលសង្កែថ្មី នាង្កាត់ទួលសង្កែ ។ ផ្សារនេះនឹងប្រកាសបើកដំណើរការជាផ្លូវការនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧នេះតទៅក្រោមទុនវិនិយោគជាងកន្លះលានដុល្លារអាមេរិក ដោយមិនបូកបញ្ចូលថ្លៃទីតាំង៕ វឌ្ឍនា