ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូទៅបុកជាមួយរថយន្តស្លាប់ម្នាក់នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយជិះម៉ូតូទៅបុកជាមួយរថយន្តនៅវេលាម៉ោង០៦និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១៨៧-១៨៨ ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យកាសែតនគរវត្តដឹងថា គ្រោះថ្នាក់ចរាចរនេះកើតឡើងដោយម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1E-5503 បើកបរដោយឈ្មោះ ពុធ ឈិន ដែលមានទិសដៅពីខេត្តកំពត ឆ្ពោះមកវាលរេញ លុះដល់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តមួយគ្រឿងមានទិសដៅបញ្រ្ចាសគ្នា (រថយន្ដមិនស្គាល់អត្តសញ្ញាណ)បានបើករត់គេចបាត់ពីកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តទៀតថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុ ឈ្មោះ ពុធ ឈិន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរករថយន្តបង្កមកដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖