ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបានមនុស្សមួយក្រុមកាប់មួយកាំបិតប៉័ងតោ បណ្ដាលឲ្យរបួសធ្ងន់ ខណៈផឹកទឹកត្នោតជូររហូតស្រវឹង រួចបានទៅលេងផ្ទះបងប្អូននៅក្នុងភូមិ ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ វុន វិន ភេទប្រុស អាយុ២៤ឆ្នាំ ជនតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល (រងបួសក្រោយខ្នង)។ ចំណែកក្រុមជនសង្ស័យមានគ្នា៨នាក់ ចាប់ខ្លួនបានម្នាក់ឈ្មោះ រុន រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកព្រៀល សង្កាត់ព្រែកតាសេក ខណ្ឌ័ជ្រោយចង្វា រាជធានីភ្នំពេញ រីឯជនសង្ស័យ៧នាក់ទៀតមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់សាក្សីឈ្មោះ វឿន វៃ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកទឹកត្នោតជូនៅរោងលក់ទឹកត្នោតជូមួយកន្លែង ជាមួយនិងបក្ខពួក៤នាក់ ឈ្មោះ ស្រស់ ឈ្មោះ រស់ រួមទាំងខ្លួន (ឈ្មោះ វឿន វៃ ) ផងដែរ ។ លុះផឹករហូតដល់ម៉ោង២០និង៣០នាទី ឈ្មោះរស់និងឈ្មោះស្រស់ បានឈប់ផឹកនិងបាននាំគ្នាទៅផ្ទះមុដោយនៅសល់តែជនរងគ្រោះនិងឈ្មោះវឿន វៃ ផឹកបន្តទៀត រហូតដល់ម៉ោង២០និង៥០នាទី ទើបឈប់ផឹក បន្ទាប់មកជនរងគ្រោះបានដើរទៅលេងផ្ទះបងប្អូននៅក្នុងភូមិ ស្រាប់តែជនរងគ្រោះបានរត់សំដៅមករោងទឹកត្នោតវិញ ដោយមានមនុស្សមួយក្រុមបានដេញជនរងគ្រោះរហូតដល់រោងត្នោតជូរ ភ្លាមនោះជនសង្ស័យឈ្មោះ រុន រ៉ា បានទាញកាំបិតប៉័ងតោមកកាប់ជនរងគ្រោះមួយកាំបិតចំខាងក្រោយខ្នង បណ្ដាលឲ្យហូរឈាមរងរបួសធ្ងន់ ។
ក្រោយមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរពេទ្យរកាកោងទី១ ។ ចំណែកឯជនសង្ស័យជាអ្នកកាប់ឈ្មោះ រុន រ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ចំពោះបក្ខពួក៧នាក់ទៀតរត់គេចខ្លួនត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីចាត់ការបន្ដ ៕ស្អាងជ័យ