ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជា អធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នៅសាលប្រជុំថ្មីសាលាខេត្តស្វាយរៀង។

ក្នុងពិធីនេះដែរ ក៏មានការចូល រួម ពីលោកអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោកនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ លោក លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកអធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណជាង ៣០០នាក់ ។

យោងតាមអនុក្រឹត្យលេខ ៧៧០ អនក្រ.តត ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ និងអនុក្រឹត្យលេខ ១១២៥ អនក្រ.តត ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក ហែម ពិសិដ្ឋ ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ ៤ និង លោក ប្រាក់ សុវណ្ណ ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ ១ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ៕

ក្នុងឱកាសនោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ជាពិសេស ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភ័ណភាពក្នុងបរិវេណសាលាខេត្តបានយ៉ាងល្អប្រសើរផងដែរ តួយ៉ាងអគារសាលប្រជុំរបស់រដ្ឋបាលខេត្ត ដែលបានកាត់ខ្សែបូសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅមុននេះបន្ដិច ជាដើម ។

ទន្ទឹមនេះ លោកក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ៕ យឹម សុថាន


ចែករំលែក៖