ខេត្តឧត្តរមានជ័យ៖ នាយទាហានម្នាក់បម្រើការ នៅអង្គភាពកងពលតូចលេខ៤២ ម្នាក់ ឈ្មោះដុស ដែលកំពុងតែល្បីឈ្មោះយ៉ាងខ្លាំង ក្នុងមុខជុំនួញនាំពលករឆ្លងដែនកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ និងប្រមូលទិញឈើគ្រញូងផ្ដាច់មុខ នៅតំបន់របស់ខ្លួនឈរជើងនៃបង្គោលសីមាលេខ១៣ ទិសទី៣ សមរភូមិមុខ ក្នុងភូមិដងទង់ សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មុខជុំនួញបទល្មើសរបស់នាយទាហាន ឈ្មោះ ដុស នៅអង្គភាពកងពលតូចលេខ៤២ កំពុងរងការសង្ស័យថា លោកឧត្តមសេនីយ៍ទោ ប៉ែន វយ មេបញ្ជាការកងពលបើកភ្លើងខៀវ និងនៅពីក្រោយខ្នង ពីព្រោះមេឈ្មួញខាងលើ ល្បីឈ្មោះច្រើនឆ្នាំមកហើយ ដែលលោកមេបញ្ជាការធ្វើដូចជាមិនដឹងមិនឮ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ឈ្មោះដុស មេឈ្មួញរកស៊ីមុខជុំនួញឈើគ្រញូង នៅតំបន់ទិសទី៣នេះ គឺបានរត់ការសមត្ថកិច្ចនៅខេត្តឧត្តរមានជ័យអស់ហើយ គ្មានអ្នកណាហាមឃាត់ និង បង្ក្រាបឡើយ ទាំងសកម្មភាពនាំពលករឆ្លងដែន និងសកម្មភាពដឹកជញ្ជូនឈើគ្រញូងចេញ ចូលនៅតាមបន្ទាត់ព្រំដែន ដោយសេរីរហូតទៅដល់ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងទៀតផង ។
ប្រភពបានបន្ដថា មេឈ្មួញជានាយទាហានឈ្មោះដុស នេះ មិនត្រឹមតែរកស៊ីបទល្មើសនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃប៉ុណ្ណោះទេ គេបន្ដដឹកជញ្ជូនឈើគ្រញូងរហូតដល់ ខេត្តស្វាយរៀង ព្រំដែនវៀតណាមទៀតផង ដោយកន្លងទៅថ្មីៗនេះ រថយន្ដហាយឡេនឌឺចំនួនពីរគ្រឿងរបស់ មេឈ្មួញខាងលើ បានគ្រោះថ្នាក់ ចរាចរណ៍នៅខេត្តស្វាយរៀងមួយគ្រឿង និងខូចនៅខេត្តកំពង់ធំមួយគ្រឿង ទើបត្រូវសមត្ថកិច្ចបង្ក្រាបបាន។
លោកដុស បានឲ្យកាសែតនគរវត្តដឹងតាមទូសព្ទ័ថា លោកមិនបានធ្វើទេ រាល់ថ្ងៃគឺនៅផ្ទះ។ តែសមត្ថកិច្ចប្រចាំនៅទិសទី៣ថាលោកដុស ធ្វើសកម្មភាពរាល់ថ្ងៃ ដាក់ពលករទៅដេកនៅជើងភ្នំដងរែក ៥០ទៅ៦០នាក់ ធ្វើយ៉ាងស្ងាត់ស្ងៀម ហើយពាក្យថា មិនបានធ្វើ គឺជាពាក្យដោះសារ និងជាល្បិចរបស់ឈ្មួញប៉ុណ្ណោះ ៕ ប៉ែន នួន