ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ កុងត្រូលជជុះមានព្រោងព្រាតនៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ថ្មីៗនេះលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំត្រូវបាន មន្ត្រីនគរបាលតូចតាចក្នុងខេត្តនេះក៏ដូចជាមន្ត្រីរាជការក្នុងខេត្តនេះរិះគន់ពីរឿងបើកដៃឲ្យមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយប្រមូលលុយចែកគ្នា។ ជាក់ស្ដែងមាន សេចក្ដីរាយការណ៍ថា លោក ហុង ណាក់ ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ និងលោក គង់ វិចិត្ត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំកំពុងឃុបឃិតគ្នាបង្កើតកុងត្រូលជជុះជំរិតយកលុយពីឈ្មួញដឹកជញ្ជូនទំនិញយ៉ាងពេញបន្ទុក ។

តាមការបង្ហើបពីមន្ត្រីនគរបាលតូចតាចក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោក ហុង ណាក់ និងលោក គង់ វិចិត្ត បង្កើតកុងត្រូលជជុះជំរិតយក លុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធក៏ដូចជាប្រមូលលុយពីក្រុមឈ្មួញដឹក ជញ្ជូនឈើចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុក ពញាក្រែក។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ទំនិញបង់ពន្ធមិនគ្រប់ និងឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមជាប្រភពចំណូលដ៏សំខាន់របស់លោក ហុង ណាក់ និងលោក គង់ វិចិត្ត ។

តាមការអះអាងពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសវៀតណាមចូលស្រុកខ្មែរបានឲ្យដឹងថា ទោះបីពួកគេនាំចូលទំនិញស្របច្បាប់បង់ពន្ធគយត្រឹមត្រូវនៅតាមព្រំដែនយ៉ាងណាក៏ដោយក៏ចៀសមិនផុតពីបង់លុយឲ្យសមត្ថកិច្ចនគរបាលតាមកុង ត្រូលជជុះនៅក្រោមការគ្រប់គ្រងរបស់លោក ហុង ណាក់ និងលោក គង់ វិចិត្ត នោះដែរ។ ប្រភពបានឲ្យដឹងទៀតថា កុងត្រូលជជុះដែលលោក ហុង ណាក់ និងលោក គង់ វិចិត្ត បង្កើតឡើងមានចំនួនដល់ទៅ៥កន្លែងគឺទី១-នៅគល់ស្ពានជ្រាវ ទី២-នៅ ត្រពាំងថ្ម ទី៣-នៅចំណុចភូមិចម្ការគ ឃុំដា ស្រុកមេមត់ ទី៤-នៅសង្កាត់វិហារហ្លួង ក្រុងសួង និងទី៥-នៅចំណុចភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែកជិតស្នាក់ការសន្តិសុខ៧០១ចម្ងាយប្រមាណ១០០០ម៉ែត្រពីសាលាខេត្តត្បូងឃ្មុំចាស់ ។

ក្រុមឈ្មួញបានឲ្យដឹងថា លោក គង់ វិចិត្ត បានចាត់តាំងឲ្យមន្ត្រីស្លៀកពាក់ស៊ីវិល ឬជួនកាលប្រើអ្នកភូមិឲ្យចុះប្រមូលលុយពីម្ចាស់រថយន្តដឹកឈើ និងម្ចាស់រថយន្តដឹក ទំនិញស្រេចតែអំពើចិត្តដោយគ្មានឈ្មួញណាហ៊ានតវ៉ាឡើយ ៕

 


ចែករំលែក៖