ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាឃុំធ្មា ស្រុក រំដួលមានរៀបចំពិធីដាក់ឲ្យដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ចំនួន២គម្រោងដែល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន១៤ក្រុមហ៊ុន និងមានក្រុមហ៊ុនទៅអើតឡឺមរក ភាគលាភជាង១០ក្រុមហ៊ុនធ្វើឲ្យមានភាពចម្រូងចម្រាសនិយាយថ្លៃទឹកតែមិនត្រូវ ពន្យារពេលកន្លះម៉ោងទើបព្រមចូលដាក់ដេញថ្លៃក៏ប៉ុន្តែដាក់ដេញថ្លៃកាច់គ្នាដាក់ តម្លៃទាបរហូតក្រោម៤០ភាគរយនៃគម្រោងប៉ាន់ស្មានរបស់អ្នកបច្ចេកទេស ។
បើតាមមន្រ្តីលទ្ធកម្មស្រុករំដួលបានឲ្យដឹងថា គម្រោងដាក់ឲ្យដេញថ្លៃនេះមាន២គម្រោងគឺ ១-ឃុំម៉ឺនជ័យគម្រោងជួសជុលផ្លូវដីប្រវែង១.៩៤០ម៉ែត្រ ទទឹង៥ម៉ែត្រ ដាក់លូមូលមុខកាត់០,៦០ម៉ែត្រចំនួន៣ កន្លែង ក្នុងមួយកន្លែងប្រវែង៦ម៉ែត្រនិង ដាក់ស្លាកសញ្ញាគម្រោង១ ក្នុងតម្លៃប៉ាន់ស្មាន៥៨.១២៨.៥០៣រៀល។ មានក្រុម ហ៊ុនចូលដេញថ្លៃចំនួន៧អ្នកដេញថ្លៃបាន គឺក្រុមហ៊ុន កែវ សុភ័ក្ត ដាក់តម្លៃទាប ១៣.០០១.០០០រៀល (តម្លៃទាបក្រោម ៤០ភាគរយ) ។
២-ឃុំធ្មាគម្រោងជួសជុលផ្លូវដីក្រាល ខ្សាច់ភ្នំប្រវែង៨២៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដាក់លូកាត់ផ្លូវ២ កន្លែងមានមុខកាត់០,៦០ម៉ែត្រប្រវែង៦ ម៉ែត្រ និងស្លាកសញ្ញាគម្រោង១ក្នុងតម្លៃប៉ាន់ស្មាន៥២.០៥៣.៥១៦រៀល។ មាន ក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន៧ ហើយអ្នក ដេញថ្លៃបានគឺក្រុមហ៊ុន ម៉ី សម្បត្តិ ដាក់ តម្លៃទាប១៩.៧៦១.៤០០រៀល (ដាក់ តម្លៃទាបជាង៥០ភាគរយ) ។
ប្រភពបានបង្ហើបឲ្យដឹងទៀតថា ក្រុម ហ៊ុនជាង១០ទៀតគ្រាន់តែមកចុះឈ្មោះ ចូលរួមដាក់ដេញថ្លៃ ប៉ុន្តែគ្មានចេតនាដាក់ ដេញថ្លៃទេគឺពួកគេគ្រាន់តែមកចូលរួម ដើម្បីយកកុំមីស្យុងប៉ុណ្ណោះ។ បើតាមព័ត៌ មានមួយទៀតបានបង្ហើបឲ្យដឹងថា មានមេ ខ្លោងរៀបជើងសាទទួលភាគលាភកុំមីស្យុងនេះមាន៣ក្រុមក្នុងនោះគេឃើញមានមន្ត្រីស្រុកស្វាយជ្រំម្នាក់ជាមេក្រុមចែកភាគ លាភគ្នា។ មន្រ្តីរូបនេះមិននៅបំពេញការងារទេគឺដឹកនាំកូនក្រុមដើរដេញថ្លៃគ្រប់ស្រុកក្រុង និងទៅដេញថ្លៃនៅខាងក្រៅ ខេត្តទៀតផង ។
ដោយមានអ្នកមកបង្កហេតុទើបមេក្រុមទាំង៣នេះនិយាយគ្នាមិនត្រូវហើយមានការដេញថ្លៃកាច់គ្នា និងមើលបំណាំគ្នាបណ្តាលឲ្យហួសកាលវេលាកំណត់របស់ គណៈកម្មការលទ្ធកម្មធ្វើឲ្យគណៈកម្មការពន្យារពេលកន្លះម៉ោងទើបបិទការដាក់ ដេញថ្លៃ ។
លទ្ធផលដេញថ្លៃធ្វើឲ្យគណៈកម្មការលទ្ធកម្មក្រវីក្បាលហួសចិត្តដែលក្រុមហ៊ុន កែវ សុភ័ក្ត ដាក់ដេញថ្លៃទាបរហូតក្រោម ៤០ភាគរយ ហើយតំណាងក្រុមហ៊ុនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការដាក់ តម្លៃទាបបែបនេះមិនដឹងថាក្រុមហ៊ុនធ្វើ របៀបណាទេ ។
មន្រ្តីម្នាក់បានឲ្យដឹងថា ការដាក់ដេញ ថ្លៃនេះហាក់ដូចជាគ្មានតម្លាភាពតាមលក្ខខណ្ឌនិងគោលការណ៍ដេញថ្លៃនោះទេធ្វើ ឲ្យខុសប្រក្រតី បើប្រៀបធៀបការដាក់ដេញថ្លៃនៅស្រុកកំពង់រោទ៍មាន៦គម្រោងគឺគ្មាន ចម្រូងចម្រាសទេដាក់ដេញថ្លៃខ្ពស់ ។
មហាជនបានសំណូមពរដល់ក្រសួង មហាផ្ទៃគួរតែចុះធ្វើអធិការកិច្ចពិនិត្យមើលរបាយការណ៍លទ្ធកម្មតាមស្រុកនីមួយៗ និងមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលដាក់ឈ្មោះចូលដេញថ្លៃថា តើក្រុមហ៊ុនណាខ្លះគ្រាន់តែដាក់ឈ្មោះដេញថ្លៃ ហើយមិនចូល ដេញថ្លៃ ឬគ្រាន់តែមកឆាឆៅរំខាន និងមក ទារយកថ្លៃទឹកតែ? រីឯផ្លូវថ្នល់គ្មានគុណ ភាពធ្វើខាងមុខខូចខាងក្រោយផងទាន! ៕ យឹម សុថាន