ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់មួយចំនួនកំពុងធ្វើឲ្យអាជ្ញាធរខណ្ឌច្បារអំពៅរងការរិះគន់ពីប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ទោះជាមានការរិតបន្តឹងទៅលើការដឹកជញ្ជូនរបស់រថយន្តធុនធ្ងន់គ្រប់ប្រភេទយ៉ាងណាក៏ដោយ បញ្ហានេះ នៅតែជាផលវិបាកដល់អាជ្ញាធរដដែល ដោយសារតែម្ចាស់រថយន្តដឹកជញ្ជូនមួយចំនួន មិនអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរខណ្ឌនោះឡើយ ពោលគឺបំពាន់ការណែនាំ ធ្វើឲ្យមហាជនរិះគន់មកលើអាជ្ញាធរ ។

ជាក់ស្តែង រថយន្តដឹកខ្សាច់១គ្រឿង គ្មានរនាំងបាំងទប់ខាងក្រោយ បានដឹកខ្សាចសើមចេញពីដេប៉ូលក់ខ្សាច់១កន្លែង ស្ថិតនៅចំណុចដេប៉ូលក់អេតចាយគ្រប់ប្រភេទ ក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដឹកទៅកាន់ផ្លូវបំបែកចូលរោងចក្រស្រាបៀថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ2017 បានធ្វើឲ្យអ្នកដំណើរតាមផ្លូវជាតិលេខ១ រិះគន់ទៅលើអាជ្ញាធរខណ្ឌច្បារអំពៅទៅវិញ ដោយសាររថយន្ត ១គ្រឿងនេះ ដឹកខ្សាច់សើមហូរធ្លាក់មកលើផ្លូវជាតិលេខ១ តាំងពីសង្កាត់និរោធ រហូតមកដល់សង្កាត់ព្រែកឯង ចំណែកម្ចាស់រថយន្តដឹកខ្សាច់មិនខ្វល់ពីការកំពប់ខ្សាច់មកលើផ្លូវជាតិធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនោះឡើយ ។

លោករស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ដូច្នេះថា បញ្ហារថយន្តដឹកខ្សាច់ ដឹកដីនេះ អាជ្ញាធរខណ្ឌបានចាត់វិធានការទប់ស្កាត់ជាច្រើនលើកច្រើមសារហើយ ដែលវិធានការនោះ ធ្វើឡើងតាមរយៈហៅម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ មកប្រជុំណែនាំ បើមិនអនុវត្តតាមការណែនាំទេនោះគណៈបញ្ជាការឯកភាពខណ្ឌនិងចាត់វិធានការចាប់យកមករក្សាទុកបណ្ណោះអាសន្ននៅសាលាខណ្ឌដើម្បីជាការព្រមាន ។

វិធានការចុះចាប់រថយន្តដឹកដី ដឹកខ្សាច់ នេះបានធ្វើជាប្រចាំទៅរថយន្តណាដែលបំពាននឹងការណែនាំ ប៉ុន្តែលោកទទួលស្គាល់ថា នៅមានភាពចន្លោះប្រហោងលើការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ យ៉ាងណាក៏ដោយការងារនេះមិនបន្ធូរដៃទេ ។

ជាមួយគ្នានេះដែរ ក្នុងនាមអាជ្ញាធរខណ្ឌច្បារអំពៅសូមអំពាវនាវឲ្យម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ទាំងអស់ដែលបើកបរឆ្លងកាត់ភូមិសាស្ត្រខណ្ឌច្បារអំពៅត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរខណ្ឌដើម្បីរួមគ្នាថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន ៕ សណ្តោស


ចែករំលែក៖