ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យ១៦ឆ្នាំបោក​លុយរាប់ពាន់​ដុល្លារពីភ្នាក់ងារលី​ហួរវេរ​លុយនៅ​ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នារីវ័យក្មេង អាយុ១៦ឆ្នាំម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តបាត់ដំបង សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ឆបោក​យកប្រាក់​អស់​រាប់ពាន់​ដុល្លារ ពី​ក្រុមហ៊ុន លី​ហួរ វេរ​លុយ ។

នារី​សង្ស័យ​មានឈ្មោះ ហង្ស គឹមអេង អាយុ ១៦ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី១១ នៅ​សាលា​ឯកជន​ដ៏​ល្បី​មួយ​នៅក្នុង​ក្រុង​បាត់ដំបង និង​មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​សំរោង២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។ នាងត្រូវ​អយ្យការ​ចោទប្រកាន់​ពីបទ «ឆបោក» ដែល​ប្ដឹង​ដោយ​តំណាង​ក្រុមហ៊ុន «លី​ហួរ» វេ​លុយ ប្រចាំខេត្ត​បាត់ដំបង គឺ លោក កើង វង្ស​ទ្រី​ឌី។

នារីម្នាក់នេះត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី១១ វិច្ឆិកា ស្ថិតនៅ​កន្លែង​ភ្នាក់ងារ «លី​ហួរ»វេរ​លុយ ក្នុងភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង គ្រា​ដែល​នាង​បំរុង​ទៅ​បើក​លុយ​ដែល​នាង​ឆបោក​ពី​ក្រុមហ៊ុន វេ​លុយ លី​ហួរ នៅ​ទីនោះ។

ប្រភព​បាន​បញ្ជាក់ថា ការឃាត់ខ្លួន​ក្មេងស្រី​វ័យ ១៦ឆ្នាំនេះ ក្រោយពី​តំណាង​ក្រុមហ៊ុន «លី​ហួរ» ប្រចាំខេត្ត​បាត់ដំបង ដាក់ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅលើ​ជន​មិន​ស្គាល់មុខ ដែល​បាន​លួច​ចូលក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ភ្នាក់ងារ​វេរ​លុយ​របស់​ក្រុមហ៊ុន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​ឆាត​ប្រាប់​ឲ្យ​ភ្នាក់ងារ​ដូចគ្នា​វេរ​លុយ​ឲ្យ​អតិថិជន តាមរយៈ​លេខ​ទូរស័ព្ទ ដែល​ជន​នោះ​ផ្ដល់ជូន។ ដោយមាន​ការសង្ស័យ ហើយ​សមត្ថ​កិច្ចសហកា​រ​ជាមួយ​ក្រុមហ៊ុន ទើប​ឈានដល់​ការឈាន​ខ្លួន​សិស្សស្រី​រូបនេះ តែម្ដង។

តំណាង​ក្រុមហ៊ុន «លី​ហួរ» វេរ​លុយ ប្រចាំខេត្ត​បាត់ដំបង លោក កើង វង្ស​ទ្រី​ឌី បានអោយប្រភពព័ត៌មានដឹងថា ក្មេងស្រី​រូបនេះ បាន​បន្លំ​ធ្វើជា​ភ្នាក់ងារ «លី​ហួរ» វេរ​លុយ ប្រចាំខេត្ត​ព្រះសីហនុ ហើយ​បាន​លួច​ចូលក្នុង​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ភ្នាក់ងារ «លី​ហួរ» ២នាក់ ដើម្បី​បោក​យកលុយ​ពី​ក្រុមហ៊ុន។ លោក​បន្តថា ក្រោយពី​ចូលក្នុង​គណនី​ភ្នាក់ងារ «លី​ហួរ» ហើយ នាង​បាន​ឆាត​ទៅកាន់​ភ្នាក់ងារ​ដ៏ទៃទៀត ដោយ​ប្រាប់​ឲ្យ​ភ្នាក់ងារ​នោះ វេរ​លុយ​ម្ដង ចំនួន ១,០០ដុល្លារៗ ដោយ​ប្រាប់ថា វេរ​ឲ្យ​អតិថិជន ហើយ​នាង​បាន​ប្រាប់​ទាំង​លេខ​ទូរស័ព្ទ​របស់​អ្នក​ចាំ​ទ​ទូល​លុយ​នោះ ទៀតផង ៕


ចែករំលែក៖