ព័ត៌មានទាន់ហេតុការណ៍៖

ករណីឃាតកម្មនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវកងរាជអាវុធហត្ថបង្ក្រាបបានទៀតហើយ

ចែករំលែក៖

ខេត្តកណ្តាល ៖ អនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ដោយមានការចង្អុលបង្ហាញ ដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធអាវុធហត្ថលេីផ្ទៃប្រទេស និង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៍យន្តការខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ ដាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា នៅវេលាម៉ោង ១៧៖០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មានករណីឃាតកម្មគិតទុកជាមុន (បាញ់សម្លាប់) មួយកើតឡើង នៅចំណុចមាត់ច្រាំងព្រែកដូង ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយកើតហេតុភ្លាម កម្លាំង កងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល និង កម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ និង ដោយមានការសហការដឹកនាំពីជំនាញ កងរាជអាវុធហត្ថផ្ទៃប្រទេស និង សហការពីកងរាជអាវុធហត្ថ ខេត្តព្រៃវែង ខេត្តសៀមរាម និង កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និង ខេត្តពាក់ព័ន្ធ។

កម្លាំងជំនាញ ចុះស្រាវជ្រាវករណីខាងលើយ៉ាងយកចិត្តទុកដាក់ ទាំងយប់ថ្ងៃ ដោយឆន្ទៈមិនគិតនឿយហត់ ទទួលបានលទ្ធផល​គឺកម្លាំង កងរាជអាវុធហត្ថ ខេត្តកណ្តាល និង ខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេង ឡា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅថ្ងៃទី៤ ខែវិច្ឆិកា​ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ភូមិពោធិរៀងត្បូង ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង (ជាជនផ្តើមគំនិត) ជួលឃាតកឈ្មោះ ហ៊ាប ធី មកសម្លាប់ជនរងគ្រោះ សោ សុជាតិ ហៅជ័រ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាមួយគ្នានោះ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាម បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្នាក់នៅបណ្តោះអាសន្នក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាម ខេត្តសៀមរាប (ជាជនដៃដល់) នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅចំណុចអណ្តូង៣ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទប់ពីជនសង្ស័យឈ្មោះ ហ៊ាប ធី និងបក្សពួកបោកគ្រាប់បែកចំនួន ០២គ្រាប់ និង បាញ់តបតរជាមួយសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ នៅចំណុចផ្ទះឈ្មោះ ជា ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពី នៅថ្ងៃទី ១១ ​ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកដែលបណ្តាលឲ្យនាយ កងរាជអាវុធហត្ថ ខេត្តសៀមរាប ០១នាក់ ត្រូវរបួសកំភួនជើង និង កំប៉េះគូទ។

ជនសង្ស័យត្រូវបានបញ្ជូនពីខេត្តឧត្តរមានជយ័ មកអាវុធហត្ថ ខេត្តកណ្តាលនៅថ្ងៃទី ១៤ ខែវិច្ឆិកា ​ឆ្នាំ២០១៧ ដើម្បីបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលចាត់ការ តាមនីតិវិធី។

ពាក់ព័ន្ធនឹងករណីបោកគ្រាប់បែក និង បាញ់តបត ជាមួយសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ខេត្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ឈ្មោះ អ៊ាន ឡៃ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ (ប្រពន្ធឃាតក) មានទីលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីឲ្យកូនយកគ្រាប់បែកដែលប្តីលាក់ទុកនៅផ្ទះ ទៅឲ្យឪពុកជាជនសង្ស័យ និងឈ្មោះ វុធ លាងតេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ(កូនឃាតក) មានទីលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណី យកគ្រាប់បែក ទៅឲ្យឪពុកជាជនសង្ស័យ។
ជនសង្ស័យ ០២នាក់ខាងលើ កម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ កំពុងបន្តនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ។

តាមការស្រាវជ្រាវ និង ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខេង ឡា និងឈ្មោះ ហ៊ាប ធី ក្នុងអំពើឃាតកម្មនេះ មានការពាក់ព័ន្ធនឹងបក្ខពួករបស់ខ្លួន ចំនួន៣នាក់ទៀត ដែលបានគេចខ្លួនជាបន្តបន្ទាប់ ចាប់ពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃនេះ ។

ដោយឡែកជនសង្សយ័ឈ្មោះហ៊ាប ធី បានសារភាពថា កន្លង ខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់ លួចម៉ូតូ(កាច់ក) តាមបណ្តាខេត្តជាច្រើនលើក និងលើកចុងក្រោយបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន(ស៊ីឈ្នួលបាញ់សម្លាប់មនុស្ស) ដែលជនរងគ្រោះ ឈ្មោះ សោ សុជាតិ ហៅ ជ័រ ធ្លាប់មានស្នេហានឹងគ្នាជាមួយជនសង្ស័យ ឈ្មោះ ខេង ឡា កាលនៅយុវវ័យ។

ក្រោយមកអ្នកទាំងពីរក៏មានគ្រួសារ និងមានកូនរៀងៗខ្លួន ហើយជនរងគ្រោះនៅតែព្យាយាមតាមស្រឡាញ់ជនសង្ស័យដដែល ព្រមទាំងបាននិយាយបញ្ចុះបញ្ចូលលួងលោមជនសង្ស័យ ម្តងហើយម្តងទៀតឲ្យលែងលះជាមួយប្តី និងឲ្យដាក់ថ្នាំបំពុលសម្លាប់ប្តីជាដើម…។ល។ ហើយការដើរហើរទៅណាមកណារបស់ជនសង្ស័យ គឺជនរងគ្រោះព្យាយាមតាមរហូត មានពេលខ្លះទៀត ប្តីជនសង្ស័យមិននៅផ្ទះ ជនរងគ្រោះក៏ឆ្លៀតឳកាសផ្លោះរបងចូលទៅរកជនសង្ស័យ ដើម្បីលួងលោមសុំរួមភេទ ប៉ុន្តែជនសង្ស័យមិនយល់ព្រមឡើយ ធ្វើឲ្យជនរងគ្រោះរឹតតែតាម និងប្រច័ណ្ឌជនសង្ស័យខ្លាំងឡើងៗ ព្រមទាំងគំរាមជនសង្ស័យមិនឲ្យប្រាប់រឿងនេះអ្នកណាដឹងទេ ជាហេតុធ្វើឲ្យជនសង្ស័យពុំមានសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅឡើយដោយសារមានគំនាបរបស់ជនរងគ្រោះ ហេតុនេះហើយជនសង្ស័យក៏មានគំនិតសម្លាប់ជនរងគ្រោះចោល និងសម្រេចចិត្តទៅសុំលេខទូរស័ព្ទរបស់ឃាតកជាជនដៃដល់ ឈ្មោះ ហ៊ាប ធី សុំពី ឈ្មោះ ហ៊ាប ប៊ុនហ៊ាន ហៅ ស រស់នៅក្នុងភូមិជាមួយគ្នា រួចបានណាត់ជួបនិយាយត្រូវរ៉ូវគ្នាជាមួយឃាតក ឈ្មោះ ហ៊ាប ធី ក៏រៀបចំគំរោងផែនការឡើង។

មុនពេលកើតហេតុជនសង្ស័យឈ្មោះ ខេង ឡា បានជិះម៉ូតូទៅដឹកជនសង្ស័យឈ្មោះ ហ៊ាប ធី នៅតាមផ្លូវ ហើយបានជិះទៅកន្លែងកើតហេតុរង់ចាំជនរងគ្រោះមានឈ្មោះ សោ សុជាតិ ហៅជ័រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យសត្វ និងម៉ៅផ្លៃស្វាយ មានលំនៅភូមិពោធិរៀងត្បូង ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង លុះដល់រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យ ឈ្មោះ ខេង ឡា បានទូរស័ព្ទហៅជនរងគ្រោះមកជួបគ្នា ដោយ បញ្ឆោតឲ្យជនរងគ្រោះ មកជួយមើលទិញដីចម្ការស្វាយមួយកន្លែង ដោយបានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះនៅស្រុកពោធិរៀង ខេត្តព្រៃវែង មកយកជនសង្ស័យជាឃាតកនៅតាមផ្លូវ រួចចេញដំណើរមកចាំនៅចំណុចកើតហេតុមុន។ មួយសន្ទុះក្រោយមក នៅវេលាមុនពេលកើតហេតុបន្តិច ជនសង្ស័យ (ហ៊ាប ធី) និងជនរងគ្រោះក៏បានជួបគ្នា ហើយនៅពេលដែលជនរងគ្រោះ កំពុងឈរនិយាយភ្លេចខ្លួន ជនសង្ស័យជាឃាតកក៏បានទាញអាវុធខ្លីម៉ាកK59 (ប្រើគ្រាប់ឡុកឆ្នៃ) បាញ់ចំក្បាលជនរងគ្រោះមួយគ្រាប់ពីក្រោយ មួយគ្រាប់ បណ្តាលឲ្យជនរងគ្រោះដួលផ្កាប់មុខស្លាប់ភ្លាមៗ បន្ទាប់មកជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅខេត្តសៀមរាប ៕ ឆដា

 


ចែករំលែក៖