ខេត្តកណ្តាល: ពាក់ព័ន្ធបទល្មើសក្បត់ជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលត្រូវតុលាការកំពូលជាស្ថាប័នឯករាជ្យបានដំណើរការជំនុំជម្រះក្តីលើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ និងហាមសមាជិកជាន់ខ្ពស់ចំនួន១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយរយ:ពេល០៥ឆ្នាំ។
សាលដីកាសម្រេចរបស់តុលាការកំពូលនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការអនុវត្តវិធាននៃច្បាប់ស្របតាមអង្គហេតុ អង្គសេចក្តី ហើយស៊ីសង្វាក់គ្នាជាមួយសកម្មភាពគណបក្សសង្គ្រោះជាតិ ក្នុងរយ:ពេលជាង០៥ឆ្នាំកន្លងមកដែលបង្កចលាចលសង្គម តាមរយ:ការធ្វើកុបកម្ម បាតុកម្មដោយហិង្សា កាតសម្រេចរបស់តុលាការកំពូលពិតជារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ស្របតាមច្បាប់ធរមាន។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់តុលាការកំពូល ដើម្បីរក្សាសន្តិភាព ឯករាជ្យ និងអនាធិបតេយ្យភាពជាតិក្នុងការបន្តអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព និងសូមគាំទ្រអនុសាសន៍ទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថាលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជានៅតែបន្តដំណើរឆ្ពោះទៅមុខជានិរន្ត។
ដូច្នេះក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលជាកងកម្លាំងមានកាតព្វកិច្ចថែរក្សាខឿនសន្តិសុខជាតិ និងធានាសណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម សូមប្តេជ្ញាការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់មិនឲ្យក្រុមអគតិមួយចំនួនមានបំណងបំផ្លិចបំផ្លាញជាតិ និងក្បត់ជាតិទាំងនោះមកលើទឹកដីកម្ពុជាដាច់ខាត។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារក្សាភាពស្ងប់ស្ងាត់ហើយចូលរួមអនុវត្តសេចក្តីសម្រេចរបស់តុលាការកំពូល ដើម្បីរួមគ្នាពង្រឹងនីតិរដ្ឋ ក្នុងគោលបំណងថែរក្សា សន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណ: និងដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ៕ ឆៃ យ៉ា