ភ្នំពេញ៖ រថយន្តដឹកអង្ករធន់ធ្ងន់១គ្រឿង ដែលផ្ទុកចំណុះរាប់តោនបានបង្កគ្រោះថ្នាក់បួងចង្កូតទៅបុកបង្កាន់ដៃ បណ្តាលបាក់២ប្រឡោះ តែមិនមានគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ ។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
រថយន្តបង្កជាប្រភេទរថយន្តយីឌុបដឹកអង្ករយកទៅដាក់នៅក្រុមហ៊ុន ខ្មែរហ្វូត មានទីតាំងនៅទល់មុខវត្តនិរោធ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-1855 ។
លោកវរៈសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា រថយន្តបង្កបើកឡើងស្ពានព្រះមុនីវង្សថ្មីពីលិចទៅកើត ដល់ពេលចុះស្ពានប្រាប់តែជាន់ហ្វ្រាំងអត់ស៉ី គ្រានោះអ្នកបើកបររថយន្តបានបង្ខំចិត្តបួងចង្កូតទៅបុកចិញ្ចើមស្ពាន់ហើយជ្រុលទៅបុកបង្កាន់ដៃស្ពានបាក់អស់២ប្រឡោះទើបទៅមុខលេងរួច ដោយឡែករថយន្តបាក់រ៉ូទីល ។
លោកអធិការរងបានបន្តថា រថយន្តដឹកអង្ករបើកឆ្លងកាត់ស្ពាននេះមិនល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញនោះទេ បើតាមសេចក្តីជូនដំណឹង ចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៩ព្រឹក ហាមរថយន្តដឹកទំនិញធន់ធ្ងន់បើកឆ្លងកាត់ស្ពាន ចាប់ម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល អនុញាតិឲ្យរថយន្តដឹកទំនិញធន់ធ្ងន់បើកឆ្លងកាត់តែ ក៍មានកំណត់ទម្ងន់អតិប្បរមាផងដែរ ។
ក្រោយកើតហេតុរថយន្តបង្កត្រូវបញ្ជូនទៅកាន់ការិយាល័យការិយាល័យនគរបាលចរាចររាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់ចេញសំណងដល់ការខូចខាតទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ៕ សណ្តោស