ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៨ក្នុងទំហំទឹកប្រាក់៦ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងអញ្ជើញចូលរួមបន្ត សម័យប្រជុំសភាលើកទី៩ នីតិកាលទី៥លើករបៀបវារៈមួយចំនួនដូចខាងក្រោម៖

១-ការបោះឆ្នោតជ្រើសតាំងសមាជិក បន្ថែម២រូបសម្រាប់គណៈកម្មាធិការនានានៃរដ្ឋសភា ។

២-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ ។

៣-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ៖

ក-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជានឹងរដ្ឋាភិបាល សាធារណរដ្ឋសិង្ហបុរីស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ខ-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនស្ដីពីការ ជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។

គ-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជានឹងរាជរដ្ឋភិបាល នៃព្រះចៅស៊ុលតង់និងយ៉ាងឌីពើរតួននៃប្រទេសប្រ៊ុយណេដារូសាឡឹមស្ដីពីការ ជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូល ។

ឃ-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រថៃស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការ កិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល ។

ង-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ។

សមាជិករដ្ឋសភាកម្ពុជាមកពីគណបក្ស ប្រជាជនកម្ពុជាចំនួន៦៥រូបបានលើកដៃ អនុម័តទាំងស្រុងហើយចំពោះសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ដែលក្នុងនោះកម្ពុជាគ្រោងនឹងចំណាយថវិកាសរុបប្រមាណ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

ការអនុម័តច្បាប់នេះបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាកាលពីថ្ងៃទី១៧ ខែវិច្ឆិកាបានធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

បើយោងតាមរបាយការណ៍ខ្លឹមសារ សង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៨របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុគឺនៅឆ្នាំ២០១៨រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិការដ្ឋសរុបចំនួន ២៤.៣៧៥.១០២លានរៀលដែលស្មើនឹងប្រមាណ៦ពាន់លានដុល្លារអាមេរិកកើន ឡើង១៥,២ភាគរយបើធៀបនឹងឆ្នាំ២០១៧ មានចំនួន២១.១៥១.៩៨៥លានរៀល ស្មើនឹងប្រមាណជាង៥.២០០លានដុល្លារអាមេរិក ។

ចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ ប្រមាណ៦ពាន់លានដុល្លារត្រូវបានបែងចែកជា២ធំៗគឺ ទី១-ចំណាយចរន្តថវិការដ្ឋចំនួន១៥.៩៤៥.៤១៨លានរៀល(ប្រហាក់ ប្រហែល៣.៩៨០លានដុល្លារ) និងទី២- ចំណាយមូលធនថវិការដ្ឋ៨.៤២៩.៦៨៤លានរៀល(ប្រហាក់ប្រហែល២.១០០ លានដុល្លារ) ។

រាជរដ្ឋាភិបាលកម្ពុជាបានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៨ថា អាចនឹងបន្តកើនឡើងក្នុងអាត្រា៦,៩ភាគ រយដូចឆ្នាំ២០១៧ ដែលធ្វើឲ្យផលិតផល ក្នុងស្រុកសរុប(ផ.ស.ស-GDP) តាមថ្លៃ បច្ចុប្បន្នកើនឡើងដល់៩៩.១១៦.០៤១លានរៀល ស្មើនឹងប្រមាណ២៤.៥៥២ លានដុល្លារអាមេរិកខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹង កើនឡើងដល់១.៥៦៨ដុល្លារអាមេរិក ដែលមានការកើនឡើងជាងឆ្នាំ២០១៧ ត្រឹមតែ១.៤៣៥ដុល្លារតែប៉ុណ្ណោះ ។

រដ្ឋសភាបានអនុម័តលើរបៀបវារៈតែ២ប៉ុណ្ណោះគឺការបោះឆ្នោតជ្រើសតំណាង សមាជិកគណៈកម្មការនានានៃរដ្ឋសភា បន្ថែមចំនួន២រូប និងការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ៕ ហេង សូរិយា


ចែករំលែក៖