ខេត្តកណ្ដាល៖ យុវជនជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដកហូតថ្នាំញៀនចំនួន៦កញ្ចប់ ខណៈដែលក្រុមយុវជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបរិវេណវត្តបឹងខ្យាង ស្ថិតក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ។
មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ សុត ដាលីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រីបក្ខពួក២នាក់ទៀតឈ្មោះ ទោក និងឈ្មោះ ហ៊ួរ បានរត់គេចខ្លួនបាត់ស្រមោលក្រោយធ្វើសកម្មភាព ។
ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៦កញ្ចប់តូច ,ម៉ូតូ១គ្រឿងម៉ាកហុងដា ធុនសេ១១០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1FB-2553 ,ទូរស័ព្ទដៃ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្ដ្រស្រុកកណ្ដាលស្ទឹង ដែលសមត្ថកិច្ចបានតាមដាន និងកំណត់មុខសញ្ញាយ៉ាងច្បាស់ តែពុំមានមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនជនសង្ស័យបានទេ លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅក្នុងបរិវេណវត្ដបឹងខ្យាង ភូមិប្រឡាយ ឃុំបឹងខ្យាង ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៏បានចុះទៅកន្លែងកើតហេតុបានឃើញជនសង្ស័យខាងលើនេះកំពុងធ្វើសកម្មភាពលក់ថ្នាំញៀនជាមួយ និងបក្ខពួក ភ្លាមនោះក៏ឃាត់ខ្លួនរួចឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់តូចនៅនឹងខ្លួនជនសង្ស័យ ឈានដល់ចាប់ខ្លួនរួមទាំងវត្ថុតាងជាក់ស្ដែងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ រីឯបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន ខណៈឃើញសមត្ថកិច្ចចុះទៅដល់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគឺជារបស់ខ្លួនពិតប្រាកដមែន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខ្លួនបានជិះម៉ូតូម្នាក់ឯងទៅទិញថ្នាំញៀននេះពីជនមិនស្គាល់អត្ដសញ្ញាណម្នាក់នៅសង្កាត់រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ៕ ស្អាងជ័យ