ខេត្តសៀមរាប៖ បុរសវ័យ៤០ឆ្នាំស្រវឹងខួបត្រូវបានប្រជាពលរដ្ឋធ្វើដំណើរកាត់តាមមុខផ្ទះ ប្រទះឃើញស្លាប់នៅក្នុងអន្លង់ទឹកខាងមុខផ្ទះចំងាយ២០០ម៉ែត្រ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះជួយអន្តរាគមន៍ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៧ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះចម្ងាយ២០០ម៉ែត្រ ក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក វរសេនីយ៍ឯក មិន ចន្ថា អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានប្រាប់ថា បើតាមសម្តីរបស់ ក្រុមគ្រួសារ ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចមូលដ្ឋានថា ជនរងគ្រោះបានបាត់តាំងពីល្ងាចម្សិលមិញម្ល៉េះ នាំគ្នាដើរតាមរកដែរ ប៉ុន្តែរកមិនឃើញ ព្រោះជនរងគ្រោះតែងតែស្រវឹងស្រាជារៀងរាល់ថ្ងៃ មិនដឹងគាត់ដើរទៅណាទេ ទើបរកអត់ឃើញ ។
លោកបានបន្តថា លុះដល់ពេលល្ងាចត្រូវបានប្រជាពលរដ្ឋ ដើរទៅស្រែ ក៏ប្រទះឃើញសាកសព អណ្ដែតទឹកស្លាប់នៅក្នុងអន្លង់ទឹកខាងមុខផ្ទះចំងាយ២០០ម៉ែត្រ ។ សាកសពជនរងគ្រោះ ឈ្មោះ ឈុន សុគុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយពីបានពិនិត្យ ធ្វើកោសល្យវិច័យទៅលើដងខ្លួនសាកសពសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះ ពិតជា ស្លាប់ដោយសារខ្យល់គរធ្លាក់ទឹក លង់ស្លាប់ ពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មអ្វីនោះទេ រួចក៏ប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ ឃុំ ស្រុក ខាងលើ៕ ប៊ុន រិទ្ធី