ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៥នាក់ ក្នុងហេតុការណ៍រថយន្ត៣គ្រឿងបុកគ្នានៅស្រុកត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុស ស្រី៥នាក់ រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿងបុកគ្នា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧-៨៨ ស្ថិតក្នុងភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើមានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9724 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនក្រោយពេលកើតហេតុ បើកបរមកពីទិសខាងកើត លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយដូចគ្នា ពណ៌ស ពាក់ស្លាកលេខកំពត 3A-0636 បើកបរដោយឈ្មោះ ដូង ជូ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រពុំ ឃុំក្រពុំ ស្រុកឈូក ខេត្តកំពត បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ ឈ្មោះ អង់ ប៉ោក ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា រងរបួសធ្ងន់ និងឈ្មោះ ថាន ធិ ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា រងរបួសធ្ងន់ ខណៈនោះមានរថយន្ត១គ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ2AI-1837 បើកបរដោយឈ្មោះ សុខ ចាន់ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយជុំ ឃុំក្រាំងអំពិល ស្រុកកំពង់បាយ ខេត្តកំពត រងរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់មានឈ្មោះ ណុប ចំរុង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា រងរបួសស្រាល និងឈ្មោះ ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា រងរបួសស្រាល ។

ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុវាស់វែងកន្លែងកើតហេតុ អូសយករថយន្តទាំង៣គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿង រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះទាំង៥នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕ ភ្នំដា


ចែករំលែក៖