ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ លេចធ្លោបទ “គ្រាស្នេហ៍”

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល ក្រោយពីតារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ បានបញ្ចេញបទចម្រៀងមួយចំនួនធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ពិសេសបទចម្រៀងចុងក្រោយបទ«គ្រាស្នេហ៍»ដែលផ្ទុះការគាំទ្រខ្លាំង។ តារារូបនេះបញ្ជាក់ថា មិនដែលរំពឹងខ្ពស់រហូតដល់មានអ្នកចូលទស្សនាជិត៤លានដងនោះទេ។

បទចម្រៀងថ្មី Original Song ថៃ អតិជាតិបុត្រ ទាក់បានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវវ័យ។ រូបរាងជាក្មេងប្រុសសង្ហា ក៏ជាចំណីចក្ខុមួយដែលធ្វើឲ្យអ្នកគាំទ្រកាន់តែច្រើនចាប់អារម្មណ៍។ តារាចម្រៀងរូបនេះបញ្ជាក់ថា ក្រោយពីការបញ្ចេញសមត្ថភាពច្រៀងតាមបណ្តាញទំនាក់ទំនងសង្គម ខ្លួនទទួលបានឱកាសច្រៀងនៅក្នុងផលិតកម្ម VCINE Picture។

ទើបនឹងចូលប្រឡូកក្នុងសិល្បៈបានពីរឆ្នាំខ្លួនទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលជាមួយបទចម្រៀងចំនួន៦បទ ហើយបទដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រគឺបទ “គ្រាស្នេហ៍”ដែលមានចំនួនអ្នកចូលមើលរាប់លានដង ហើយជាអ្វីដែលោកមិនដែលរំពឹងទុកពីមុនមកនោះទេ។ ក្រៅពីបទនេះមានបទចម្រៀងជាច្រើនទៀតដូចជាបទ “Happy Birthday To Me” បទ «តោះរាំ» បទ«ទប់មិនជាប់ទេ»ជាដើម។

សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ELT រូបនេះបញ្ជាក់ថា ដើមឡើយ ខ្លួនចង់បំពេញក្តីស្រម៉ៃជាអ្នកចម្រៀង ហើយពេលនេះគឺទទួលបានដូចអ្វីដែលបងប្រាថ្នា។ នៅចុងឆ្នាំនេះដែរលោកក៏គ្រោងបញ្ចេញបទចម្រៀងថ្មីៗមួយចំនួនទៀតតបការចង់បានរបស់អ្នកគាំទ្រទាំងបទមនោសញ្ចេតនា និងបទចម្រៀងបែបសប្បាយៗ។ នៅVICINE លោកបានចុះកិច្ចសន្យាច្រៀងចំនួន៤ឆ្នាំហើយក្រៅពីការច្រៀងលោក ក៏គ្រោងបញ្ចេញក្តីស្រម៉ៃមួយទៀតគឺការវិវត្តខ្លួនទៅជាតារាចម្រៀង។

តារារូបនេះថា លោកនៅតែបន្តទទួលយកការរិះគន់ ក៏ដូចជាព្យាយាមកែលម្អនូវចំណុចខ្វះខាត និងប្រឹងប្រែងស្វែងរកអ្វីដែលល្អថ្មីសម្រាប់ទស្សនិកជន៕ វឌ្ឍនា

 


ចែករំលែក៖