ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អូឡាំពិកកូរ៉េខាងត្បូងនោះ ប្រតិភូកីឡាបុរាណកូរ៉េ មានឈ្មោះ តិកគ្យុន(Taekkyeon) និងតំណាងសហព័ន្ធកីឡាគុនល្បុកត្តោកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងឈានទៅបង្កើនសហព័ន្ធកីឡា បុរាណកូរ៉េនៅកម្ពុជាហើយ កម្ពុជានឹងបង្កើតសហព័ន្ធកីឡាគុនល្បុកត្តោនៅកូរ៉េដែរ។
នេះតាមការបញ្ជាក់របស់អគ្គលេខាធិការNOCC បន្ទាប់ពីបញ្ចប់ការបង្ហាញក្បាច់គុនតិកគ្យុន និង គុនល្បុកត្តោ នៅស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។
លោកវ៉ាត់ ចំរើនបានថ្លែងថា ក្បាច់តិកគ្យុននេះ គឺប្រភពដើមនៃក្បាច់គុនតេក្វាន់ដូ ហើយបច្ចុប្បន្នតិកគ្យុន បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅអង្គការយូនីស្កូរួចហើយដែរ ។ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកីឡាតិកគ្យុន មកកម្ពុជានេះ ក្នុងគោលបំណងសិក្សាឈ្វេងយល់ពីក្បាច់គុនល្បុកត្តោកម្ពុជា ដើម្បីពិនិត្យមើលថាតើអាចជួយសហព័ន្ធកីឡាគុនល្បុកត្តោអ្វីបានខ្លះឈានទៅចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅអង្គការយូនីស្កូ ។
លោកបានលើកឡើងថា បន្ទាប់ពីចុះMOUរួច ចាប់ពីពេលនេះតទៅ សហព័ន្ធកីឡាតិកគ្យុននិងអញ្ជើញយុវជនយុវជនារី ផ្នែកកីឡាល្បុកត្តោទៅហ្វឹកហាត់នៅប្រទេសកូរ៉េ ។ ប៉ុន្តែអត្តពលិកយើងមិនមែនទៅហ្វឹកហាត់កីឡាតិកគ្យុនទេ ក្នុងនោះ យើងក៏ត្រូវហ្វឹកហាត់កីឡាល្បុកត្តោជនយុវជនកូរ៉េវិញដែរ ។
លោកបានបញ្ជាក់ថា ចំពោះការផ្តាស់ប្តូរនេះគ្មានអ្វីពិកបាក់ទេ មានន័យថា គេបង្កើនក្បាច់គេនៅប្រទេស ចំណែកឯយើងទៅបង្កើនក្បាច់ល្បុកត្តោយើងនៅប្រទេស ការធ្វើបែបនេះ ដើម្បីអភិវឌ្ឍក្បាច់បុរាណទាំង២រួមគ្នាទៅដល់បណ្តាប្រទេសផ្សេងៗក្នុងពិភពលោកសម្រាប់ថ្ងៃអនាគត ។
គួររំលឹកថា ប្រតិភូកីឡា តិកគ្យុន និងធ្វើសិក្ខាសាលាមួយនៅខេត្តសៀមរាបក្នុងសាលា គុនល្បុកត្តោរបស់លោកតាក្រមាក្រហម ស៊ាន គឹមស៊ាន បន្ទាប់មកប្រតិភូនិងចុះសិក្សាឈ្វេងយល់ពីក្បាច់គុនបុរាណខ្មែរ ដែលមានតឹកតាង នៅជញ្ជាំប្រាទបុរាណខ្មែរមួយចំនួនដើម្បីចង់ក្រងឯកសារដាក់ទៅអង្គការយូនីស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ៕ សារីម