ព័ត៌មានទាន់ហេតុការណ៍៖

ង៉ែត រដ្ឋានិងផន ប៊ុនម៉ៅ ឈ្នះកៅអីជំទី៣ខណៈដែលផាន ផាត់យុទ្ធវាយអ្នកប្រដាល់ថៃបោះបង់ការប្រកួតទឹកទី៤

ចែករំលែក៖

ភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ TV5 Boxing Knock-out Series by K-Cement កាលពីយប់ថ្ងៃសៅរ៍ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ អ្នកប្រដាល់២រូបបានឈ្នះកៅអីជុំទី៣ វគ្គ៨នាក់បន្ថែមទៀត គឺកីឡាករផន ប៊ុនម៉ៅមកពីក្លិបកងយោធពលខេមរភូមិន្ទ និង ង៉ែត រដ្ឋាមកពីក្លិបតាព្រហ្មមានជ័យ បានដឹកដៃគ្នាឡើងទៅអង្គុយចាំប្រកួតជម្រុះជុំទី៣ ក្រោយវាយឈ្នះដៃគូប្រកួតវគ្គជម្រុះ១៦នាក់ជុំទី២ សប្តាហ៍នោះដែរ កីឡាករ ផាន់ ផាតយុទ្ធ មកពីក្លិបសាលវ័ន្តកីឡា វាយឲ្យអ្នកប្រដាល់ថៃឈ្មោះLuk Hathបោះបង់ការប្រកួតក្នុងទឹកទី៤ដោយរង់និងស្នៀតកណ្តាប់ដៃ ។

កៅអីជុំទី៣ដែល កីឡាករ ផន ប៊ុនម៉ៅ រកបាននាពេលនោះ គឺបានវាយឈ្នះកីឡាករ រ័ត្ន ដារ៉ាមកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុ ប្រផុតប្រផើយ បន្ទាប់ពីប្រកួតតតាំងគ្នាពេញ៣ទឹកតាមរូបមន្តដែលគ្រោងទុករបស់គណៈកម្មការរៀបចំការប្រកួតរបស់សង្វៀនប្រដាល់ទីរទស្សន៍ប៉ុស្តិ៍លេខ៥ ។

ដារ៉ាព្យាយាមចូលចាប់ ប៊ុនម៉ៅ ដើម្បីរកឱកាសប្រើស្នៀតជង្គង់ តែមិនធ្វើមិនបានល្អ ផ្ទុយទៅវិញត្រូវ ប៊ុនម៉ៅ មានឱកាសបញ្ចេញស្នៀតកណ្ដាប់ដៃវាយបកសងទៅលើ រ័ត្ន ដារ៉ា ដោយមានប្រសិទ្ធិភាព ចុងបញ្ចប់នៃការប្រកួត របស់អ្នកទាំង២នាក់ គឺរ័ត្ន ដារ៉ាបញ្ចប់បេសកកម្មត្រឹមជុំទី២។ រីឯ ផន ប៊ុនម៉ៅបានបន្តកក់កៅអីសម្រាប់ ប្រកួតជម្រុះនៅជុំទី៣បន្តទៀត ។

ដោយឡែកការប្រកួត រវាងង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យដែលវាយឈ្នះកីឡាករ ទី ពន្លែត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុនោះ ។ តាមស្ថានភាពនៃការប្រកួត រវាងកីឡាករទាំង២នាក់ មានការវាយតស៊ូគ្នាយ៉ាងតឹងតែងជាទីបំផុត។ ប៉ុន្តែស្ថានភាពនេះ បង្កកឱកាសឲ្យ ង៉ែត ដ្ឋា ដែលជំនាញប្រើស្នៀតជើងទាត់នោះជួបការលំ បាកខណៈទីពន្លែតព្យាយាមប្រើកណ្ដាប់ដៃវាយសងមកលើរដ្ឋវិញ ។

ស្ថានភាពប្រកួតរបស់ង៉ែត រដ្ឋនិង ទី ពន្លែត បានប្រែព្រួលនៅក្នុងទឹកចុងក្រោយ ដោយរដ្ឋាព្យាយាមបញ្ចេញស្នៀតជើង និងកណ្តាប់បានច្រើន និងចំគោលដៅល្អជាងទី ពន្លែតដែលអាចធ្វើឲ្យចៅក្រមទាំង៥រូបផ្តល់ឱកាសឲ្យ ង៉ែត រដ្ឋាបន្តការប្រកួតនូវវគ្គ៨នាក់ចុងក្រោយរីឯកីឡាករទី ពន្លែតត្រូវចប់បេសកកម្មរបស់ត្រឹមជុំទី២នេះ។

ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិរវាងអ្នកប្រដាល់ថៃ ឈ្មោះ Luk hath និង ផាន ផាត់យុទ្ធរបស់កម្ពុជា មកពីក្លិបសាលវ័ន្ដកីឡា បានវាយយកឈ្នះ មុនស្នូរជួងបញ្ចប់ទឹកទី ៤ ដោយកណ្តាប់ដៃវាយចំពោះ Luk hath ។

គួររំលឹកថា អ្នកប្រដាល់ដែលឈ្នះជើងឯកពានរង្វាន់ TV5 Boxing Knock-out Series by K-Cement រដូវកាលទី១នេះនិងទទួលបានថវិកាចំនួន៤.០០០ដុល្លារ អមជាមួយពានធំចំនួន១ ចំណាត់ថ្នាក់លេខ២ទទួលបានថវិកាចំនួន២.០០០ដុល្លារ លេខ៣ទទួលបានវិកាចំនួន៧៥០ដុល្លារ និងលេខ៤ទទួលបានថវិកាចំនួន៥០០ដុល្លារ៕ សារីម


ចែករំលែក៖