ខេត្តស្ទឹងត្រែងៈ កម្លាំងកងរាចអាវុធហត្ថស្នាក់ការសន្តិសុខ៧២២ សហការជាមួយរដ្ឋបាលព្រៃឈើអូរពងមាន់ បានបង្ក្រាបករណីដឹកឈើ គ្មានលិខិតអនុញ្ញាត ដោយឃាត់រថយន្តដឹកឈើអាររួចចំនួន៣គ្រឿងផង ។
ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅវេលាម៉ោង៤និង១០ នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ក្នុងភូមិអូរឬស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងទាំងពីរបានឃាត់រថយន្តចំនួន៣គ្រឿង និងអ្នកបើកបរចំនួន៣នាក់ រួមមាន៖ ទី១-ឈ្មោះ ហុន ចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ និងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-3847 ដឹកសសរ៥ដើម។ ទី២-ឈ្មោះ សៅ សាគឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ និងរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AB-3270 ដឹកសសរ៦ដើមនិង ទី៣-ឈ្មោះ ធីម រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើក និងរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម 2A-4023 ដឹកសសរ៦ដើម ជនសង្ស័យទាំង៣នាក់ មានទីលំនៅភូមិបឹងអញ្ចាញ ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ សរុបសសរ១៧ដើម ស្មើនឹង ២,១៩៧ ម៉ែត្រត្រីគុណ។
បច្ចុប្បន្ន ឈើទាំងអស់ បានយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ ស្រុកសៀមបូកចំណែកអ្នកបើកបរត្រូវបានធ្វើការអប់រំ និងបានប្រគល់រថយន្តឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕ សហការី