ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបង្រ្កាបការដឹកជញ្ជូនឈើប្រណីតធ្នង់ ៧០ដុំ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងផ្ទៃប្រទេសសហការគ្នាចុះបង្រ្កាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូនផលអនុផលព្រៃឈើ លទ្ធផលបង្រ្កាបបានដោយឃាត់ម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើប្រភេទប្រណីតធ្នង់ជិត ១តោន។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការងារនេះបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការកម្លាំងបានឃាត់ម៉ូតូដឹកឈើប្រភេទប្រណីត(ធ្នង់)ចំនួន ០៣គ្រឿង និងគោយន្តកន្រ្តៃចំនួន ០១គ្រឿងផងដែរ ខណៈពួកគាត់កំពុងចរាចរណ៍នៅលើដងផ្លូវ(កន្លែងបង្រ្កាប)។

ប្រភពខាងលើបន្តថា លទ្ធផល៖ ឈើប្រណីតទាំងម៉ូតូទាំងគោយន្តកន្រ្តៃមានចំនួន ៧០ដុំ មានទម្ងន់ចំនួន ៩៥៥គីឡូក្រាម ស្មើរនឹងចំនួន ០,៧៣០ម៉ែត្រត្រីគុណ សុទតែឈើប្រភេទប្រណីត(ធ្នង់)ទាំងអស់។

ប្រភពដដែលខាងលើបន្តទៀតថា ជនប្រព្រិត្តដឹកជញ្ជូនឈើទាំងអស់បានធ្វើកិច្ចសន្យាត្រឹមត្រូវ ហើយមធ្យោបាយម៉ូតូ និងគោយន្តកន្រ្តៃបានប្រគល់ឲ្យម្ចាស់វិញ ដោយឡែក៖ វត្ថុតាងឈើប្រភេទប្រណីត(ធ្នង់)បានប្រគល់ឲ្យមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញរក្សាទុក និងបន្តនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖