ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមសម្រេចឃុំខ្លួន យុវជនដែលខឹងឈ្លោះគ្នាជាមួយឪពុកខ្លួនពេលសងសឹកប្តីមិនបានចាក់ប្រពន្ធជំនួសរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន យុវជនដែលខឹងឈ្លោះគ្នាជាមួយឪពុកខ្លួនសងសឹកប្តីមិនបានចាក់ប្រពន្ធជំនួសរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស “តាមមាត្រា ២១៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

បទល្មើសនេះកំណត់ការផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ទៅ១០លានរៀល។

ជនសង្សយ័មានឈ្មោះ ប៉ុន លីហួ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រៀនថ្នាក់ទី៨ មានទីលំនៅៗភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

នារីម្នាក់បានរងរបួសធ្ងន់ ខណៈដែលជនល្មើសបានយកកាំបិតចាក់ចំថ្ពាល់ខាងស្តាំ បន្ទាប់ពីជនល្មើសខឹងប្តីរបស់ជនរងគ្រោះបានឈ្លោះជាមួយឪពុកជនល្មើសដោយសាររឿងព្រំដី។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច មុខបន្ទប់ទឹក ស្ថិតនៅភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះនុត សុខម៉េង ហៅស្រី ស ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅៗភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបញ្ជាក់ថា: នៅថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៩និង០០នាទី ឈ្មោះប៉ុន លីហួ បានបាត់មាន់ឈ្មោល មួយក្បាល ក៏បានផ្លោះរបងរកមាន់នៅក្បែរផ្ទះរបស់ឈ្មោះនុត សុខម៉េង ដោយមាន កាន់កាំបិតចិតបន្លែចំនួនមួយនៅដៃខាងឆ្វេង។ ពេលនោះឈ្មោះ ប៉ុន លីហួ រកមាន់ឃើញ ក៏ដើរត្រឡប់មកផ្ទះវិញ ជួបប្រទះឈ្មោះ នុត សុខម៉េង កំពុងបើកទ្វារចេញពីក្នុងបន្ទប់ទឹក(ភ្លើងអំពូលភ្លឺ) ភ្លាមនោះឈ្មោះប៉ុន លីហួ បានចាក់ឈ្មោះនុត សុខម៉េង ចំនួនមួយកាំបិត ត្រូវចំថ្ពាល់ខាងស្តាំ បណ្តាលឲ្យមានស្នាមមុតហូរឈាមយ៉ាងខ្លាំងដោយសារឈ្មោះប៉ុន លីហួ មានគំនុំនៅពេលដែលឈ្មោះប្រុស (ប្តី របស់ នុត សុខម៉េង)ឈ្លោះគ្នាជាមួយឈ្មោះនួន(ឪពុករបស់ខ្លួន)រឿងព្រំដីកន្លងមក។

ពេលធ្វើសកម្មភាពហើយឈ្មោះប៉ុន លីហួ បានផ្លោះរបងមកផ្ទះខ្លួនវិញ ដោយបានយកកាំបិត (វត្ថុតាង) យកទៅបោះចោលទៅក្នុងទឹកទន្លេបាត់ តែម្តង ។

ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលស្រុកស្អាង បានទៅដល់កន្លែងកើតហេតុ ក៏សាកសួរយកព័ត៌មាន បន្ទាប់មក ឃាត់ខ្លួន ឈ្មោះប៉ុន លីហួ មកអធិការដ្ឋាននគរបាល ស្រុកស្អាង ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕ ឆៃ យ៉ា


ចែករំលែក៖