ភ្នំពេញ៖ នារីម្នាក់នាំមិត្តភក្តិទៅមើលផ្ទះលក់ បន្ទាប់មកក៏ត្រឡប់មកវិញហើយបានឈប់ចូលទិញសាច់គោមួយភ្លែត ចេញមកវិញបាត់ម៉ូតូមិនដឹងទៅណា បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារមុខរោងចក្រប៊ឺរី ស្ថិតនៅតាមបណ្ដោយផ្លូវកប់ស្រូវ ភូមិជម្ពូរវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ជី សុខជា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃខ្មែរ ឃុំរលាផ្អៀ ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង ។ចំណែកឯម៉ូតូដែលជនសង្ស័យលួច ម៉ាកឌ្រីម សងស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ។
តាមសំដីជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ចេញពីធ្វើការរោងចក្រហើយបាននាំស្រីៗ២នាក់ទៅមើលដី និងផ្ទះនៅបុរីធូលន។ បន្ទាប់មក មិត្តភក្តិខាងលើបែកផ្លូវគ្នារៀងៗខ្លួន ចំណែករូបគាត់បានចូលទៅទិញម្ហូប (សាច់គោ)ចំនួន១មុឺនរៀល ទុកម៉ូតូចំងាយពីខ្លួនប្រមាណ ៥ម៉ែត្រទិញសាច់គោរួចដើរចេញមកក្រៅមកយកម៉ូតូ នៅពេលនោះស្រាប់តែម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចទៅបាត់ ហើយគាត់មិននឹកស្មានថា ចោរឥឡូវលួចសាហាវម្ល៉េះទុកប្រហែល១០នាទីសោះលួចទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើ បានជិះម៉ូតូឌុបហើយកាន់សាច់គោមកប្តឹងសមត្ថកិច្ច ជួយតាមរកជនសង្ស័យខាងលើមកផ្ដន្ទាទោសតាមច្បាប់៕ សុខាសែនជ័យ