ភ្នំពេញ៖ តារាសម្តែង ពេជ្រ ចរណៃ ដែលកំពុងមានជំងឺបេះដូងធ្ងន់ធ្ងរ និងនាយវីតាមីន សេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសថៃ ទទួលបានអំណោយជាថវិកាមួយចំនួនពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ។ ការទទួលបានអំណោយនេះ ធ្វើឡើងកាលពីរាត្រីថ្ងៃទី២០ ខែវិច្ឆិកា បន្ទាប់ពីសិល្បករទាំងពីររូបកំពុងប្រឈមនឹងជំងឺធ្ងន់ធ្ងរកំពុងជួយសង្គ្រោះបន្ទាន់ និងត្រូវការថវិកាជាចាំបាច់។
តារាសម្តែង ពេជ្រ ចរណៃមានជំងឺដាច់សរសៃប្រើសបេះដូង ហើយត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ កាលពីពេលកន្លងទៅ ប៉ុន្តែដោយមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ នាងបានវិលមកសម្រាកព្យាបាលនៅក្នុងស្រុកវិញ។ លោក ពេជ្រ កែវមុនី និងភរិយា បានជួបសំណះសំណាលសាកសួរសុខទុក្ខ តារាសម្តែង ពេជ្រ ចរណៃ ទាំងយប់ ក្រោយពីទទួលដំណឹងថា នាងបានធ្វើដំណើរវិលមកសម្រាកព្យាបាលជំងឺនៅប្រទេសកម្ពុជាវិញ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានលើកទឹកចិត្ត និងជំរុញឲ្យ កញ្ញា និងក្រុមគ្រួសារត្រូវតស៊ូព្យាយាមជម្នះរាល់ការលំបាកនានា និងថែរក្សាសុខភាពឲ្យបានហ្មត់ចត់ផងដែរ។
នៅថ្ងៃដដែលនេះដែរ លោក ភិបាលខណ្ឌ មានជ័យ និងភរិយា ក៏បានជួបជាមួយនឹងអ្នកនាងប៉េង ប៉ោងដែលជាកូនស្រីបង្កើតរបស់នាយវីតាមីនសេ ដើម្បីសាកសួរសុខទុក្ខ នាយវីតាមីនសេដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃ។
នាយវីតាមីនសេ មានអាការ:ធ្វើទុក្ខច្រើនថ្ងៃមកហើយព្រោះតែជំងឺដុះដុំសាច់ក្នុងថ្លើមផង និងមានជំងឺដំបៅក្រពះផងបន្ថែមពីលើជំងឺលើសឈាមនិងទឹកនោមផ្អែម។
លោកអភិបាលខណ្ឌបានផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់នាយវីតាមីន សេ និងលើកទឹកចិត្តឲ្យក្រុមគ្រួសារបន្តព្យាយាមជួយនាយវីតាមីនសេឲ្យអស់ពីលទ្ធភាព។ ជាមួយគ្នានេះ លោក និងភរិយាក៏បានប្រគល់ជូននូវថវិកាមួយចំនួនជួនដល់អ្នកនាងប៉េង ប៉ោង ដើម្បីបន្តជួយសម្រួលចំពោះបញ្ហាលំបាកចំពោះមុខ ហើយបើទោះបីជាថវិកានេះមិនច្រើនក្តី ក៏ជាការរួមចំណែកលើកទឹកចិត្តដល់ក្រុមគ្រួសារសិល្បករ ពិសេសនាយវីតាមីនសេ ដែលកន្លងមកបានចូលរួមសកម្មភាពសិល្បៈជួយដល់សង្គមជាច្រើនផងដែរ។
ក្រៅពីលោក អភិបាលខណ្ឌមានជ័យគេក៏ឃើញវត្តមានសិល្បករមួយចំនួនដូចជាលោក អ៊ឹម ជីវ៉ា កញ្ញា នីតា តារាចម្រៀងត្រកូលឱក ជាដើមបានចូលរួមសាកសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ថវិកាផ្ទាល់ខ្លួនជាការចែករំលែកទុក្ខលំបាកខាងលើផងដែរ៕ វឌ្ឍនា